អាដុលហ៊ីត្លែរ កើតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៨៨៩ ក្នុងក្រុងប្រូណូ ដែលជាក្រុងតូចមួយរបស់ជនជាតិ អូទ្រីស។ គាត់ជាកូនទីបួនរបស់លោក អាឡូសស៊ីខែលគ្រូប័រហ៊ីត្លែរ និង នាងក្លារាហ៊ីត្លែរ ដែលជាកសិករក្រីក្រ។ អាឡូស ជាមនុស្សម្នាក់ឈ្នាសវៃ និង មានមហិច្ឆតាខ្ពស់។ ដោយភាពឧស្សាហ៍ព្យាយាមគាត់ក៏ក្លាយជាមន្ត្រីគយជាន់ខ្ពស់ម្នាក់។
អាឡូស មានកូនប្រុសម្នាក់ជាមួយប្រពន្ធមុន តែជាអកុសលកូននោះមានចរិតមិនល្អ ហើយត្រូវគេចាប់ខ្លួនដាក់ពន្ធនាគាពីបទចោរកម្ម។ ដោយមូលហេតុនេះហើយ ទើបធ្វើឲ្យ អាឡូស មានការព្រួយបារម្មណ៍ និង យកចិត្តទុកដាក់អប់រំតាំងពី អាដុលហ៊ីត្លែរ កើតមកម្លះ។ ជួនកាលគាត់វាយកូន ប្រសិនបើមិនស្តាប់បង្គាប់។ ដោយសារតែ ហ៊ីត្លែរ មានឪពុកម៉ឹងម៉ាត់ក្នុងការអប់រំទើបធ្វើឲ្យគាត់ក្លាយជាសិស្សល្អម្នាក់នៅសាលាបឋមសិក្សារបស់គេ។ ឪពុក ហ៊ីត្លែរ បញ្ជាក់៖ «កូនប្រុសរបស់ខ្ញុំនឹងមានអនាគតភ្លឺស្វាងក្នុងការសិក្សានាពេលអនាគតជាមិនខាន!»«ត្រឹមត្រូវហើយ» ក្លារា បន្ទរ។ ក្លារា ជាម្តាយដែលប្រកបដោយក្តីស្រលាញ់ និង មានមោទនភាពចំពោះកូនគាត់យ៉ាងខ្លាំង។
ហ៊ីត្លែរ មានទេពកោសល្យក្នុងការដឹកនាំតាំងពីវ័យក្មេងមកម្ល៉េះ ហើយសិស្សានុសិស្សនៅសាលារៀនទាំងឡាយពេញចិត្តនឹងគាត់គ្រប់ៗគ្នា។ ហ៊ីត្លែរ ជាមនុស្សមានជំនឿយ៉ាងមុតមាំក្នុងសាសនា។ មានពេលខ្លះ ហ៊ីត្លែរ បានទៅអាស្រ័យនៅជិតវត្តព្រះនិកាយដ៏ធំមួយនៃសាសនាគ្រិស្ត។ នៅពេលនោះ ហ៊ីត្លែរ មានបំណងចង់បួសរៀនប៉ុន្តែឪពុករបស់គាត់ជំទាស់។ ឪពុកហ៊ីត្លែរ និយាយថា៖ «កូនត្រូវតែធ្វើតាមគំរូពុក ហើយចូលបំរើការជាមន្ត្រីស៊ីវិលនៅអូទ្រីសវិញ!»។ តែផ្ទុយទៅវិញ ហ៊ីត្លែរ សឹងតែមិនស្តាប់តាមឪពុកគាត់ឡើយ។
នៅពេលរៀនកាន់តែខ្ពស់ការប្រកួតប្រជែងក៏កាន់តែមានខ្លាំងឡើង។ ហ៊ីត្លែរ មិនអារក្សាបានតំណែងកំពូលរបស់គាត់នៅអនុវិទ្យាល័យបានទេ។ ដោយអស់សង្ឃឹម ហ៊ីត្លែរ លែងយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដូច្នេះមិត្ត រួមថ្នាក់របស់គាត់ក៏មិនសូវរាប់អានច្រើនដូចមុនឡើយ។ ហ៊ីត្លែរ ចូលចិត្តបញ្ជាគេ ហេតុនេះហើយគាត់ចំណាយពេលវេលាច្រើនដើម្បីបង្គាប់បញ្ជាដល់សិស្សក្មេងៗឯទៀត។ ពួកគេចូលចិត្តលេងប្រយុទ្ធគ្នាដោយធ្វើត្រាប់តាម សង្គ្រាម។ ហ៊ីត្លែរ ចូលចិត្តដើរតួជាកងពិសេសជួយរំដោះក្នុងសង្គ្រាម បូអឺ ពីជំរំអង់គ្លេស។ វិរបុរសប្រវត្តិសាស្រ្តសម្រាប់ ហ៊ីត្លែរ គឺលោក អតូវុនបីស្មាក់ ជាសេនាបតីដំបូងបង្អស់របស់អាណាចក្រអាល្លឺម៉ង់។
ក្រៅពីប្រវត្តិសាស្រ្តសង្គ្រាម និង សមរភូមិ ហ៊ីត្លែរ ក៏មានចិត្តស្រលាញ់ផ្នែកសិល្បៈផងដែរ។ មានថ្ងៃមួយគាត់បាននិយាយជាមួយឪពុកគាត់ថា៖ «ខ្ញុំមិនធ្វើជាអ្នកមន្ត្រីស៊ីវិលទេ តែខ្ញុំនឹងធ្វើជាវិចិត្រករវិញ!» ហើយនោះគឺជាថ្ងៃចាប់ផ្តើមនៃភាពជំទាស់រវាង ហ៊ីត្លែរ និង ឪពុករបស់គាត់។ បន្ទាប់មកអ្វីៗក៏បានចប់នៅឆ្នាំ ១៩០៣ នៅពេលដែល អាឡូសហ៊ីត្លែរ បានទទួលមរណភាពដោយសារជំងឺរលាកសួត ហើយមានឈាមហូរក្នុងស្រោមថង់សួត។
នៅឆ្នាំបន្ទាប់ ហ៊ីត្លែរ ទទួលបានពិន្ទុខ្សោយបំផុតសម្រាប់លទ្ធផលប្រលង ហើយគាត់ក៏បោះបងការសិក្សាចោល។ ពេលនោះគាត់មានអាយុត្រឹម ១៨ឆ្នាំប៉ុណ្ណោះ។ ហ៊ីត្លែរ ទទួលបានមរតកមួយចំនួនពីខ្មោចឪពុករបស់គាត់។ ដោយបានប្រាក់នេះហើយទើប ហ៊ីត្លែរសម្រេចចិត្តទៅបន្តការសិក្សាខាងផ្នែកសិល្បៈនៅទីក្រុង វីយ៉ែន។ ក្តីសង្ឃឹមរបស់ ហ៊ីត្លែរ បានរលាយទាំងស្រុងដោយសាលាវិចិត្រសិល្បៈមិនព្រមទទួលគាត់ឲ្យចូលរៀនឡើយ។ ហ៊ីត្លែរមិនបានប្រាប់ម្តាយគាត់ពីរឿងនេះទេ តែក៏បន្តរស់នៅក្នុងទីក្រុងនោះធ្វើដូចជាកំពុងរៀនអីចឹង។ នៅពេលថ្ងៃ ហ៊ីត្លែរ ដើរដោយគ្មានគោលដៅ ហើយនៅពេលយប់គាត់ចូលទៅដេកក្នុងកន្លែងស៊ីផឹក ឬមណ្ឌលជនអានាថា ដែលឧបត្ថម្ភដោយមូលនិធិមនុស្សធម៌របស់ក្រុមជនអំបូរ ជ្វីស។ ពេលនោះហើយជាពេលដែលគាត់បណ្តុះគំនិត ស្អប់ជនជាតិនេះ។
ជាអកុសលម្តាយរបស់ ហ៊ីត្លែរ ទទួនអនិច្ចកម្មដោយរោគមហារីកក្នុងឆ្នាំ១៩០៧។ ហ៊ីត្លែរបានទទួលប្រាក់ ចូលនិវត្តន៍ដែលរដ្ឋផ្តល់ជូនចំពោះមរណភាពរបស់ឪពុកគាត់។ ហ៊ីត្លែរ រស់នៅយ៉ាងស្រួលជាមួយប្រាក់នោះ ដូច្នេះគាត់មិនខ្វល់ខ្វាយនឹងរកការងារធ្វើទេ។ ក្នុងឆ្នាំ ១៩០៩ ហ៊ីត្លែរ ត្រូវជាប់កាតព្វកិច្ចយោធា។ គាត់ស្អប់ប្រទេសអូទ្រីស ហើយមិនចង់ជាប់កាតព្វកិច្ចនៅទីនោះទេ។ ដូច្នេះក្នុងខែឧសភា ឆ្នាំ១៩១៣ ហ៊ីត្លែរ ចេញទៅរស់នៅក្រុង មុយនិក ដែលជារដ្ឋធានីរបស់ បាវារៀ។ បួនឆ្នាំក្រោយមករដ្ឋាភិបាល អូទ្រីស រកគាត់ឃើញ។ មន្ត្រីប៉ូលីសបាននិយាយថា៖ «ឯងនឹងត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និង ពិន័យជាប្រាក់ដោយសារការចាកចេញពីមាតុភូមិក្នុងគោលបំណងគេចវេះពីកាតព្វកិច្ចយោធា!»។
ហ៊ីត្លែរ ត្រូវគេនាំខ្លួនទៅកាន់ស្ថានកុងស៊ុល អូទ្រីស ដើម្បីពិនិត្យសុខភាពសម្រាប់បញ្ជូនទៅកាន់កងឯកភាពទ័ពនៅ ហុងគ្រី។ តែត្រូវគេបដិសេធភ្លាមៗដោយសារ ហ៊ីត្លែរ គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រើប្រាស់អាវុធ។ ការផ្ទុះឡើងនៃសង្គ្រាមលោកលើកទីមួយជាឳកាសល្អសម្រាប់ ហ៊ីត្លែរ ចាប់ផ្តើមសារជាថ្មី។ ហ៊ីត្លែរបដិសេធមិនព្រមជួយប្រយុទ្ធឲ្យប្រទេស អូទ្រីស ទេ តែគាត់ស្ម័គ្រចិត្តចូលបម្រើឲ្យកងទ័ព អាល្លឺម៉ង់ ហើយទទួលបានជោគជ័យលើសមរភូមិប្រយុទ្ធដែលបង្ហាញពីឧត្តមភាពរបស់ អាល្លឺម៉ង់ ចំពោះប្រទេសផ្សេងៗទៀតក្នុងទ្វីបអ៊ឺរ៉ុប។ ហ៊ីត្លែរ បានទទួលការបណ្តុះបណ្តាលប្រមាណរយៈពេល ២ខែ។ សត្រូវលើកទី១របស់គាត់គឺ អង់គ្លេស និង បែលហ្ស៊ីក។
ពេលខ្លះ ហ៊ីត្លែរ វិះតែនឹងបាត់បង់ជិវិតប៉ុន្មានដងដែរ។ ហ៊ីត្លែរ បានទទួលដេដាយវិរជនក្លាហានចំនួន២ ហើយពួកគេក៏បានតម្លើងឋានៈគាត់ជាអនុសេនីយ័ត្រី។ ក្នុងខែតុលា ឆ្នាំ ១៩១៦ ហ៊ីត្លែរ បានត្រូវរបួសដោយសារគ្រាប់ផ្លោងរបស់បច្ចាមិត្ត។ បន្ទាប់មក ហ៊ីត្លែរ បានជាសះស្បើយ ហើយបន្តធ្វើការងារនៅក្នុងលេណដ្ឋាន។ ប៉ុន្តែក្នុងឆ្នាំ១៩១៨ យុទ្ធនាការរបស់អង់គ្លេសមកលើប្រទេស បែលហ្ស៊ិក ដោយពួកគេបានប្រើឧស្ម័ន ក្លរីន ទើបធ្វើឲ្យហ៊ីត្លែរ មើលអ្វីមិនឃើញមួយរយៈ។ រយៈពេលដែល ហ៊ីត្លែរ កំពុកសម្រាកព្យាបាលក្នុងមន្ទីពេទ្យ ប្រទេស អាល្លឺម៉ង់ បានទទួលបរាជ័យក្នុងសង្គ្រាម។ អ្នកដឹកនាំគណបក្សសង្គមនិយមឯករាជបានប្រកាសឲ្យ បាវ៉ាវៀ ជាសាធារណៈរដ្ឋសង្គមនិយម។ បដិវត្តន៍នេះបានធ្វើឲ្យ ហ៊ីត្លែរ ធ្លាក់ចូលក្នុងសភាពក្រៀមក្រំយ៉ាងធ្ងន់ធ្ងរ។ ហ៊ីត្លែរ មិនព្រមនិយាយជាមួយនរណាទេ ហើយបែរមុខទៅរកជញ្ជាំងមន្ទីពេទ្យគ្រប់ពេលវេលា។
ហ៊ីត្លែរ យល់ថារបបសង្គមនិយមទទួលឥទ្ធិពលពីក្រុមជនអំបូរ ជ្វីស។ គាប់ជួនពេលនោះអ្នកដឹកនាំសង្គមនិយមក្នុងប្រទេសអាល្លឺម៉ង់ ភាគច្រើនជាក្រុមអំបូរនេះទៀត។ លោក កាលម៉ាក្ស ជាស្ថាបនិកសង្គមនិយមក៏ជាជនជាតិ ជ្វីស ដែរ។ ខែឧសភា ឆ្នាំ១៩១៩ អាល្លឺម៉ង់ បានចូលទៅផ្តួលរំលំរបបសាធារណរដ្ឋសង្គមនិយម បាវ៉ារៀ។ ហ៊ីត្លែរ ស្ម័គ្រចិត្តធ្វើជាអ្នកកំណត់ឈ្មោះយោធាទាំងឡាយណាដែលគាំទ្ររបបសាធារណរដ្ឋសង្គមនិយម។ ប្រធានរបស់គាត់ពេញចិត្តនឹងការងាររបស់គាត់ខ្លាំងណាស់ ហើយជ្រើសតាំង ហ៊ីត្លែរ ជានាយកផ្នែកនយោបាយ។ ការងារថ្មីរបស់ ហ៊ីត្លែរ គឺជាអ្នកបង្រៀននយោបាយដល់ពលទាហាន។ គោកបំណងសំខាន់ដើម្បី ទប់ទល់នឹងឥទ្ធិពលរបស់បដិវត្តន៍ រុស្ស៊ី មកលើកងទ័ព អាល្លឺម៉ង់។
បរិយាកាសនយោបាយបានផ្លាស់ប្តូរ បណ្តាលឲ្យប្រជាជន អាល្លឺម៉ង់ ស្រងាកចិត្តជាខ្លាំង។ របបរាជានិយមត្រូវបញ្ចប់ ហើយដាក់ជំនួសវិញនូវរបបសាធារណរដ្ឋ។ រដ្ឋធម្មនុញ្ញត្រូវបានតាក់តែងឡើងហើយប្រធានាធិបតីទទួលបានអំណាចនយោបាយ និងយោធាទាំងស្រុង។ ការបោះឆ្នោតជាតិត្រូវបានរៀបចំឡើងដើម្បីរើសរដ្ឋសភា ស្តីទីចំនួន ៤២៣ រូបចូលកាន់តំណែង។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៩ រដ្ឋាភិបាល អាល្លឺម៉ង់ អនុម័ត សន្ធិសញ្ញា ទីក្រុង រៃសៃ។ សន្ធិសញ្ញានេះបញ្ចប់ ភាពអមិត្តរវាងប្រទេសទាំងឡាយដែលបានប្រឡូកក្នុងសង្គ្រាមដោយ អាល្លីម៉ង់ ជាអ្នកចេញសំណងសង្គ្រាមដល់ជនស៊ីវិលដែលទទួលរងគ្រោះទាំងអស់។
ហ៊ីត្លែរ ត្រូវបានជ្រើសតាំងទៅក្នុងអង្គភាពសម្ងាត់។ កងទ័ពអាល្លឺម៉ង់ គ្រប់ពលទាហានទាំងអស់ដែលបានទទួលការបណ្តុះបណ្តាលអប់រំផ្នែកនយោបាយជឿជាក់លើរូបគាត់យ៉ាងខ្លាំង។ ហ៊ីត្លែរនិយាយថា៖ «គ្មាននរណាម្នាក់ជាអ្នកខុសទេ! ប្រទេសយើងមិនចាញ់ក្នុងសមរភូមិឡើយ តែពួក ជ្វីស បានក្បត់យើង។ ពួក ម៉ាក្ស បាននាំយកឥទ្ធិពលវដិវត្តន៍ចូលមកធ្វើឲ្យយើងទន់ខ្សោយក្នុងសង្គ្រាម»។ ក្នុងគ្រានោះដែរគណបក្សពលករ អាល្លឺម៉ង់ មានសមាជិកមួយចំនួនតូចតែប៉ុណ្ណោះ ហើយមិនទាន់មានការរៀបចំឲ្យបានល្អនៅឡើយ តែមានការយលដឹងប្រហាក់ប្រហែលគ្នាទៅនឹង ហ៊ីត្លែរ ដែរ។
ហ៊ីត្លែរ មានវិធីតែមួយគត់ក្នុងការធ្វើសន្ទរកថាចំពោះមុខអ្នកស្តាប់ទាំងអស់។ ហ៊ីត្លែរ មកយឺតជានិច្ចដោយចង់ធ្វើឲ្យបរិយាកាសមានសភាពតានតឹង និង គ្រប់គ្នាស្ថិតនៅក្នុងសភាពរង់ចាំ។ ពេល ហ៊ីត្លែរ ឡើងលើវេទិកា ហើយឈរដងខ្លួនត្រង់រងចាំឲ្យគេស្ងាត់សម្លេងសិន។ ដើម្បីទាក់ទាញអារម្មណ៍អ្នកស្តាប់ ហ៊ីត្លែរ ធ្វើហាក់ដូចជាភ័យខ្លាច និងនិយាយដាច់ៗ ក្រោយមកគាត់ដកដង្ហើមបន្ធូរ ហើយគាត់ក៏ប្តូរវិធីនិយាយរបស់គាត់ភ្លាម។ ពេលសម្លេងរបស់ ហ៊ីត្លែរ ចាប់ផ្តើមឮខ្លាំងឡើងៗ និង គួរឲ្យលង់ស្លុង គាត់ក៏ចាប់ផ្តើមយោគខ្លួនទៅឆ្វេងទៅស្តាំ បន្ទាប់មកបុខរបស់ប្រែជាស្លេក ភ្នែករបស់គាត់បើកធំៗហើយគាត់ធ្វើកាយវិកាដៃ និង ដកដង្ហើមវែងៗ។ ហ៊ីត្លែរ និយាយពីអំពើអយុត្តិធម៌ដែលកើតមានដល់ប្រទេស អាល្លឺម៉ង់។ ការបន្លឺសម្លេងដែលប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបែបនេះ គឺ ហ៊ីត្លែរ ចង់ឲ្យពួកគេមានកំហឹង។ នៅចុងបញ្ចប់នៃសន្ទរកថារបស់គាត់អ្នកស្តាប់បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងដែលពួកគេអាចនឹងអនុវត្តតាមគ្រប់យ៉ាងដែល ហ៊ីត្លែរ បានណែនាំ។ ទីបំផុត ហ៊ីត្លែរ អាចអូសទាញពួកគេឲ្យចូលរួមចំណែកយ៉ាងស្មោះស្ម័គ្រក្នុងកិច្ចការគ្រប់យ៉ាងដែលគាត់បានដាក់ឲ្យធ្វើ។ ហ៊ីត្លែរ តែងតែបដិសេធចំពោះការថតរូប។ បន្ទាប់ពីថ្លែងសន្ទរកថាចប់ម្តងៗ ហ៊ីត្លែរ តែង តែដើរចេញពីឆាកមួយរំពេចដោយពុំឲ្យអ្នកណាឃើញឡើយ។ ធ្វើដូច្នេះគាត់មានបំណងចង់ឲ្យបរិយាកាសក្នុងទីកន្លែងនោះពោរពេញដោយភាពអាថ៌កំបាំងចំពោះរូបគាត់។ កិត្តិសព្ទរបស់ ហ៊ីត្លែរ កាន់តែល្បីរន្ទឺឡើងៗជារៀងរាល់ថ្ងៃ។ ដោយសាមូលហេតុនេះហើយទើបគេជឿថា មានមនុស្សច្រើនឡើងៗមកចូលរួមជាមួយបក្សរបស់គាត់។ គាត់ក្លាយជាមនុស្សសំខាន់ម្នាក់ក្នុងគណបក្សដែលមិនអាចបាត់បង់បានឡើយ។ហ៊ីត្លែរ បានកសាងបក្ស និង បានព្រាងកម្មវិធី បក្សនយោបាយមានទាំងអស់ចំនួន ២៥ចំណុច។ ក្នុងកម្មវិធីនេះត្រុវបានគណកម្មការបក្សច្រានចោលខ្លឹមសារនៃសន្ធិសញ្ញាក្រុង វៃសៃ ហើយទាមទាឲ្យមានការរួបរួមប្រជាជនទាំងអស់របស់ អាល្លឺម៉ង់ ឡើងវិញ។ គាត់ប្រារព្ធពិធីសមាជជាសាធារណមួយក្នុងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩២០ ហើយបានប្តូរឈ្មោះបក្សទៅជាគណបក្សពលករជាតិសង្គមនិយម អាល្លឺម៉ង់ ហើយមានទង់ពណ៌ក្រហម និង មានខ្វែងជាសញ្ញាសម្គាល់របស់បក្ស។ សន្ទរកថារបស់ ហ៊ីត្លែរ ធ្វើឲ្យអ្នកចូលរួមស្តាប់មានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍យ៉ាងខ្លាំង។
ក្រោយមកគណបក្សពលករជាតិសង្គមនិយម អាល្លឺម៉ង់ ត្រូវគេហៅថា ជាបក្ស ណាស៊ី។ ហ៊ីត្លែរ ចូលរួមជាគណកម្មការ ប្រតិបត្តិហើយបន្ទាប់មកត្រូវបានគេតែងតាំងជា ប្រធានផ្នែកឃោសនារបស់បក្ស។ ឆ្នាំ១៩២១ គាត់ក្លាយជាអ្នកដឹកនាំថ្មីរបស់បក្ស ណាស៊ី។ ខែមេសា ឆ្នាំ១៩២៣ រដ្ឋាភិបាល អាល្លឺម៉ង់ ជួបប្រទេះវិបត្តិមួយចំនួន។ ពេលនោះកងទ័ពបារាំងបានត្រួតត្រាតំបន់មួយឈ្មោះតំបន់ រួ ដោយកលេសថា អាល្លឺម៉ង់ បង់សំណងខូចខាតមិនទាន់ពេលវេលា។ មានប្រតិកម្មតបតមកវិញ ដោយពលករនៅតំបន់ រួ ទាំងអស់ ធ្វើកូដកម្មមិនចូលធ្វើការងារដែលបណ្តាលឲ្យមានផលអវិជ្ជមានដល់សេដ្ឋកិច្ច អាល្លឺម៉ង់។ អតិផរណាកើតមានឡើងយ៉ាងឆាប់រហ័សនៅខណៈនោះ ជាហេតុធ្វើឲ្យប្រជាជនយល់ឃើញថា ការខិតខំធ្វើការសន្សំប្រាក់បស់ពួកគេគឺមិនអាច ទ្រទ្រង់ជីវភាពបាន។ ហេតុនេះហើយ ទើបពួកគេបានងាកមកប្រឆាំងនឹងរដ្ឋាភិបាលវិញ។ «នេះជាឳកាសល្អមួយដើម្បីក្លាយជាអ្នកដឹកនាំថ្មីរបស់ប្រទេស អាល្លឺម៉ង់!» ហ៊ីត្លែរគិត។ គណបក្សណាស៊ី ចាប់ផ្តើមធ្វើការហែរក្បួនបាតុកម្មប្រឆាំងយ៉ាងធំដោយចោទប្រកាន់ទៅលើជនជាតិ ជ្វីស ក្នុងការធ្វើឲ្យមានអតិផរណាដ៏ធំសម្បើមនេះ។
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំដដែលនោះមានការជួបប្រជុំមន្រ្តីប្រហែល ៣០០០នាក់ ដោយរដ្ឋាភិបាល បាវ៉ារៀ។ក្នុងខណៈពេល ហ្គុស្តាវវ៉ុនកា ជាមេដឹកនាំរដ្ឋាភិបាលនេះបានថ្លៃងសន្ទរកថា ហ៊ីត្លែរ និងក្រុមប្រដាប់ដោយអាវុធបានចូលទៅក្នុងអគានោះ។ ហ៊ីត្លែរ បាញ់កាំភ្លើងឡើងលើពីរគ្រាប់ ហើយស្រែកថា៖ «បដិវដ្តន៍ជាតិបានចាប់ផ្តើមហើយ! ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការដង្ហែរក្បួនទៅកាន់ក្រុង បែរឡាំង ដើម្បីកម្ចេចរដ្ឋាភិបាលកុម្មុយនីស្ត និង ពួកអំបូរ ជ្វីស!» ។
ហ៊ីត្លែរ ចាប់លោក ហ្គុស្តាវវ៉ុនកា លោ អុតូរ៉ុនឡូសូវ ដែលជាមេបញ្ជាការយោធា បាវ៉ារៀ និង លោក ហែនវ៉ុនសៀស័រ ជាមេបញ្ជាការនគរបាលរដ្ឋយកទៅបន្ទប់មួយក្បែរនោះ។ «ខ្ញុំមានគ្រាប់កាំភ្លើងបីគ្រាប់សម្រាប់អស់លោក ហើយមានមួយគ្រាប់សម្រាប់រូបខ្ញុំ!» គាត់គំរាម។ បុរសទាំងបីនាក់នោះគ្មានជម្រើសក៏យល់ព្រមជាមួយ។ ហ៊ីត្លែរ ជាអ្នកដឹកនាំថ្មីរបស់ អាល្លឺម៉ង់។ ថ្ងៃបន្ទាប់មក ហ៊ីត្លែរ និង គូរកនប្រមាណ ២០០០នាក់ប្រដាប់ដោយអាវុធប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ប៉ាវ៉ារៀ តែគេចាប់ខ្លួនបាន ហើយបញ្ជូនទៅកាន់ពន្ធនាគារ ឡែនស្បឹកខាសល ក្នុងក្រង មុយនីក ឲ្យជាប់ឃុំឃាំងរយៈពេល ៥ឆ្នាំ។ គាត់ទទួលរងសម្ពាធជាខ្លាំង ហើយជារឿយៗគាត់តែងតែចង់ធ្វើអត្តឃាត។
ផ្ទុយទៅវិញនៅក្នុងមន្ទីឃុំឃាំងគាត់បានអានសៀវភៅជាច្រើនស្តីអំពីប្រវត្តិ និង ទស្សននយោបាយរបស់ អាល្លឺម៉ង់។ លើសពីនេះគាត់បានសរសេរសៀវភៅមួយក្បាលមានចំណង់ជើងថា «ការតស៊ូរបស់ខ្ញុំ»។ វាជាផ្នែកមួយដែលពណ៌នាអំពីជីវប្រវត្តិរបស់អ្នកនិពន្ធផ្ទាល់បានលើកឡើងថា៖ «ការបង្ហាញយ៉ាងច្បាស់លាស់នូវរាល់វប្បធម៌ សមិទ្ធិផលសិល្បៈ វិទ្យាសាស្រ្ត និង ជំនាញបច្ចេកទេសដែលមានសព្វថ្ងៃនេះ គឺជាអ្វីដែលកើតឡើងពីស្នាដៃយ៉ាងប្រត្យក្សពីអំណាចនៃអំបូរជន អារ្យាន ដែលជាជនជាតិដើមរបស់អាល្លឺម៉ង់ តែប៉ុណ្ណោះ»។
ហ៊ីត្លែរ បានសរសេរថា៖ «ជនជាតិ ជ្វីស ជាសត្រូវដ៏ពិតប្រាកដរបស់ អាល្លឺម៉ង់!»។ សៀវភៅ «ការតស៊ូរបស់ខ្ញុំ» ភាគទី២ បានបោះពុម្ពក្នុងឆ្នាំ ១៩២៧។ ស្នាដៃនិពន្ធនេះបានរៀបរាប់អំពីប្រវត្តិ និងផែនការនាពេលអនាគតរបស់បក្ស ណាស៊ី។ សៀវភៅនេះទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន អាល្លឺម៉ង់ ទាំងឡាយណាដែលយល់ថា អាល្លឺម៉ង់ ត្រូវតែគ្រប់គ្រងពិភពលោកទាំងមូល។
បន្ទាប់ពីចេញពីមន្ទីរឃុំឃាំង ហ៊ីត្លែរ បានសម្រេចចិត្តថា៖ «ឥឡូវនេះខ្ញុំត្រូវតែទាញយកអំណាចតាមរយៈការបោះឆ្នោតប្រសើរជាងការប្រើអាវុធ»។ ហ៊ីត្លែរ ចាប់ផ្តើមថ្លែងទៅកាន់ក្រុមអ្នកស្តាប់ថា៖ «រួបរួមគ្នាឡើងដើម្បីបង្កើតអាណាចក្រថ្មី!»។ ក្នុងការបោះឆ្នោតឆ្នាំ ១៩៣០ គណបក្សណាស៊ី ទទួលបានសម្លេងគាំទ្រចំនួន ១៨ភាគរយ។ ក្នុងឆ្នាំ១៩៣២ ហ៊ីត្លែរ ឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី ហើយទទួលបានការគាំទ្រចំនួន ៣០ភាគរយ។ ខែមករា ឆ្នាំ១០៣៣ ហ៊ីត្លែរ ត្រូវបានគេតែងតាំងជាសានាបតី។
គាត់បានស្នើសុំឲ្យមានការបង្កើតច្បាប់មួយដើម្បីឲ្យគាត់មានលទ្ធភាពប្រើប្រាស់អំណាចបានពេញលេញ។ហ៊ីត្លែរ ត្រូវការការគាំទ្រពីសំណាក់គណបក្ស កាតូលិក និយមកណ្តាល ដើម្បីអនុម័តយល់ព្រម នោះរដ្ឋាភិបាល ណាស៊ី និង ធានាដល់សិទ្ធិរបស់ព្រះវិហាកាតូលិកទាំងអស់។ គណបក្ស កាតូលិក និយមកណ្តាលក៏យល់ព្រម ហើយបន្ទាប់មក ហ៊ីត្លែរ ក្លាយជាមនុស្សមានអំណាចបំផុតរបស់ប្រទេស អាល្លឺម៉ង់។
ទទួលបានអំណាចពេញលេញហើយ ហ៊ីត្លែរ បានចាប់ប្រធានសហជិពទាំងអស់បញ្ជូនទៅកាន់ជំរំអប់រំកែ ប្រែ។ ចលនាសហជីពឥឡូវនេះបានក្លាយជារណសិរ្សពលករ។ ប្រទេសអាល្លឺម៉ង់ ក្រោមរបបផ្តាច់ការសង្កត់ធ្ងន់លើជាតិនិយម។ ការបង្រួបបង្រួមជាតិស្អប់ខ្ពើមរបបកុម្មុយនីស្តដែលគ្រប់គរងរដ្ឋាភិបាលដោយអំណាចយោធានិង ស្តាប់បង្គាប់ដោយឥតលក្ខខណ្ឌ។ របបនេះមិនខុសគ្នាពីរដ្ឋាភិបាល បេនីតូមូសសូលីនី របស់ប្រទេស អ៊ីតាលី ដែល ហ៊ីត្លែរ បានរៀនតាមឡើយ។
ហ៊ីត្លែរ បានកសាងឧស្សាហកម្មគ្រឿងចក្រដើម្បីត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម។ ឆ្នាំ១៩៣៧ ហ៊ីត្លែរ យល់ឃើញថា គាត់មានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការអនុវត្តន៍ផែនការដែលគាត់បានពណ៌នាក្នុងសៀវភៅរបស់គាត់ឡើយ។ ហ៊ីត្លែរ កោះប្រជុំទីប្រឹក្សាយោធារបស់គាត់ នរណាក៏ដោយឲ្យតែហ៊ានជំទាស់នឹងផែនការនេះត្រូវ បណ្តេញចេញ។ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៣៨ អាដុលហ៊ីត្លែរ ណេវីលឆែមបឺឡែន អេដវីតដាឡេឌៀ និង បេនិតូមូសសូលីនី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុង មុយនិក ដេលបានផ្ទេរដីនៅ ស៊ុឌីថិនឡែន ឲ្យទៅប្រទេស អាល្លឺម៉ង់វិញ។
ជំហានបន្ទាប់របស់ ហ៊ីត្លែរ គឺនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ ជាពេលដែលកងទ័ពគាត់បានចូលលុកលុយប្រទេស ប៉ូឡូញ។ ហើយបន្តទន្រ្ទានលុកលុយប្រទេសន័រវែស ប្រទេសហូឡង់ ប្រទេសប៊ែលហ្ស៊ិក និង ប្រទេសបារាំង។ កងទ័ព អាល្លឺម៉ង់ ទទួលស្គាល់ពីភាពវាងវៃក្នុងការដឹកនាំប្រយុទ្ធរបស់ ហ៊ីត្លែរ។ កងរដក្រោះ និង កងថ្មើរជើងរបស់ អាល្លឺម៉ង់ បានបោសសំអាត អ៊ីរ៉ុប ខាងលិចទាំងស្រុង។ ពេលនោះ ហ៊ីត្លែរ ចាប់ផ្តើមផែនការវាយប្រហារទៅលើសហភាពសូវៀត។ ប៉ុន្តែមានមេទ័ពមួយចំនួនជំទាស់ដោយលើកហេតុផលពីអាកាសធាតុរដូវរងា និង ស្ថានភាពផ្លូវមិនសូវល្អផង។ ជាទម្លាប់ ហ៊ីត្លែរ មិនដែលស្តាប់យោបល់ក្នុងកិច្ចពិភាក្សាឡើយ។ ផ្ទុយទៅវិញគាត់បែជាបានច្រានចោលនូវយោបល់របស់មន្ត្រីទាំងនោះ។ គាត់មានជំនឿចិត្តយ៉ាងមុតមាំចំពោះជោគជ័យថ្មីៗនៃយុទ្ធនាការក្នុងរដូវក្តៅនៅ សហភាពសូវៀត។
ដំបូងឡើយកងទ័ព អាល្លឺម៉ង វាយសម្រុកទៅមុខបានយ៉ាងឆាប់រហ័ស។ ប៉ុន្តែក្នុងកំលុងខែតុលាមានភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្អាក់ល្បឿននៃការប្រយុទ្ធ និង អានុភាពនៃកងរថក្រោះ។ ការលំបាកនេះបន្តរហូតដោយមានព្រិលធ្លាក់យ៉ាងខ្លាំងក្នុងខែវិច្ឆិកា និង ខែធ្នូ។ កងទ័ព អាល្លឺម៉ង់ ត្រូវបង្ខំចិត្តនៅមួយកន្លែង។ នេះជាឳកាសល្អសម្រាប់សហភាពសូវៀត ក្នុងការតែសម្រួលកម្លាំងទប់ទល់ឡើងវិញ។ ក្នុងវស្សានរដូវ ឆ្នាំ១៩៤២ ពួគេមានលទ្ធភាពវាយបកមកលើកងពលលេខ៦ របស់អាល្លឺម៉ង់ ហើយទទួលបានជ័យជំនះនាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៤៣។ ការបរាជ័យរបស់ អាល្លឺម៉ង់ ជាចំណុចរបត់មួយក្នុងសង្គ្រាម។ ពេលនេះកងទ័ពសហភាពសូវៀតចាប់ផ្តើមវាយបក សម្រុកមកវិញពីទិសបូព៌ា។ ចាប់តាំងពីពេលនោះមកកងទ័ព អាល្លឺម៉ង់ ចាប់ផ្តើមដកថយរហូត។
សុខភាពរបស់ ហ៊ីត្លែរ កាន់តែខ្សោយទៅៗ។ គាត់ទទួលរងការពិបាកចិត្ត និង ជំងឺដេកមិនលក់។ ក្នុងខែកញ្ញា ឆ្នាំ១៩៤៤ ហ៊ីត្លែរ ធ្លាក់ខ្លួនឈឺដោយសារជំងឺបេះដូង។ រយៈពេលនេះទីក្រុងទាំងឡាយរបស់អាល្លឺម៉ង់ រងនូវការទម្លាក់គ្រាប់បែកខ្ទេចខ្ទីគ្មានសល់។ នាយទាហានមួយចំនួនប្រឆាំងនិងបញ្ជារបស់ ហ៊ីត្លែរ ដោយចំហ ដែលធ្វើឲ្យស្ថានភាពសង្គ្រាមពេលនោះបរាជ័យដោយចៀសពុំរួច។ ដោយក្តីអស់សង្ឃឹម ហ៊ីត្លែរ បានធ្វើអត្តឃាតនៅថ្ងៃ ទី៣០ ខែមេសា ឆ្នាំ១៩៤៤។ អ៊ីវ៉ាប្រ៊ន ប្រពន្ធក្រោយរបស់ ហ៊ីត្លែរ ក៏សម្រេចចិត្តធ្វើអត្តឃាតទៅតាមគាត់ដែរ។
ទោះជាយ៉ាងណាក្តី ហ៊ីត្លែរ បានសម្រេចគោលបំណងមួយក្នុងគោលបំណងទាំងអស់របស់គាត់ គឺការកម្ទេចជនជាតិ ជ្វីស ប្រមាណពីរភាគបីពីអ៊ឺរ៉ុប។ ហ៊ីត្លែរ បន្សល់ទុកនូវស្លាកស្នាមខ្ទេចខ្ទាំនៅ អ៊ឺរ៉ុប ជាបម្រាមមួយសម្រាប់អនាគត។ របបគ្រប់គ្រងរបស់គាត់លាតត្រដាងឲ្យឃើញពីភាពគ្រោះថ្នាក់នៃជាតិនិយម និង សារសំខាន់នៃលទ្ធិប្រជាធិបតេយ្យ។ វាជាមេរៀនមួយមានតម្លៃមហាសាល សម្រាប់គូសវាសមូលដ្ឋានអនាគតមួយឲ្យបានល្អប្រសើរ។ កន្លែងដែលគេកប់សាកសពគាត់នោះគឺស្ថិតនៅក្រោមស្រមោលនៃកំពែងក្រុង បែរឡាំង ៕
Comments