មនុស្សពាល មិនត្រឹមតែបំផ្លាញសង្គមជាតិមួយមុខប៉ុណ្ណោះទេ ថែមទាំងបំផ្លាញអ្នកដ៏ទៃគួរឲ្យភ័យខ្លាចថែមទៀត។ មនុស្សពាលនេះទៀតសោតក៏មានច្រើនប្រភេទ ច្រើនយ៉ាងផងដែរ។ ពាក្យចាស់បុរាណ លោកឲ្យយើងម្នាក់ៗមានការប្រុងប្រយ័ត្នចំពោះមនុស្សពាលនេះខ្លាំង ណាស់ ដោយលោកលើកឡើងថា បើយើងភ័យខ្លាចចំពោះសត្វសាហាវ ដូចជា ខ្លា, ដំរី, ពស់… ជាដើមនោះ យើងគ្រាន់តែគេចចេញពីសត្វអស់ទាំងនោះ ចម្ងាយហាសិប ទៅហុកសិបម៉ែត្រ នោះយើងនឹងអាចរួចពីមហន្តរាយ។ ប៉ុន្តែផ្ទុយមកវិញ ចំពោះបុគ្គលពាលនេះ លោកឲ្យយើងគេចចម្ងាយមួយយោជន៍ ឬឆ្ងាយបំផុតតាមដែលអាចធ្វើបាន។យើងពុំអាចដឹងបានសព្វគ្រប់ នូវអាការនៃមនុស្សពាលដែលវាសម្ដែងចេញមកនោះ ច្រើនបែប ច្រើនសណ្ឋានយ៉ាងណាខ្លះនោះទេ។ មានពេលខ្លះវាធ្វើជាកំសត់, ការបង្កើតជាពាក្យបំភ័យដល់អ្នកស្រុក, យកសាសនាធ្វើជាខែល, យកសក់បាំងភ្នំ ឬធ្វើជាអួតចំណេះវិជ្ជាជាដើម។ នៅក្នុងសម័យបច្ចុប្បន្នយើងឃើញជាក់ស្ដែងជារឿយៗ ដោយជនពាលខ្លះ បានធ្វើជាជ្រុះបាត់មាសមួយកញ្ចប់ នៅមុខជនរងគ្រោះដែលគេបម្រុងនឹងបោកបញ្ឆោត យកទ្រព្យសម្បត្តិ។ ពេលមនុស្សដែលជាជនរងគ្រោះនោះ ទៅរើសយកមាសនោះ គេក្លែងធ្វើជាឃើញមាសនោះក្នុងពេលដំណាលគ្នាជាមួយជនរងគ្រោះ ដែរ។ ជនពាលធ្វើអាកប្បកិរិយាហាក់ដូចជាមិនសូវចង់បានរបស់ដែលទើបនឹង រើសបាននោះឡើយ ដោយគេសុំត្រឹមចំណែកតិចតួច ដោយឲ្យជនរងគ្រោះដោះចិញ្ចៀន ឬខ្សែក ដែលពាក់ជាប់នឹងខ្លួននោះឲ្យទៅគេ ចំណែកឯរបស់ដែលរើសបាននោះ គេនឹងឲ្យជនរងគ្រោះទាំងអស់។ តើយើងអាចទាយដឹងបានទេថា នៅក្នុងកញ្ចប់នោះមានអ្វី? ធាតុពិតនោះក្នុងនោះ អាចមានជា គ្រាប់ក្រួស ឬលោហធាតុដែលគ្មានគុណតម្លៃសូម្បីតែបន្តិចសោះឡើយ។ដោយសេចក្ដីលោភលន់របស់យើងនៅមិនទាន់ចេះអស់ ឬអាចជាការពិចារណាមិនទាន់យល់ឲ្យបានស៊ីជម្រៅនូវល្បិចនេះ យើងនឹងអាចអស់ខ្សែក ខ្សែដៃ ចិញ្ចៀន មាស ប្រាក់ជាដើម។ នេះគ្រាន់តែជាផ្នែកមួយតូចដែលយើងខ្ញុំបានលើកយកមកឧទាហរណ៍ បង្ហាញទាក់ទងនឹងបុគ្គលពាល ដែលអាចនាំយើងឲ្យជួបគ្រោះថ្នាក់គ្រប់ពេលវេលា។
អត្ថបទដោយ៖ Chao Sokchea ( haosokchea@yahoo.com )
Comments