នៅក្នុងទំនាក់ទំនងរបស់លោកអ្នកប្រចាំថ្ងៃ លោកអ្នកនឹងសង្កេតឃើញបុគ្គលមួយចំនួនជាមនុស្សដែលសំបូរ ពាក្យពេចន៍និយាយមិនចេះចប់ ពូកែវោហារសាស្ត្រចាក់ទឹកមិនលេច ខណៈដែលបុគ្គលមួយចំនួនទៀតមិនពូកែនិយាយដូចគេ ចូលចិត្តភាពស្ងប់ស្ងៀមបានត្រឹមតែស្តាប់គេប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អ្នកដែលពូកែនិយាយក៏មិនប្រាកដថា ពូកែធ្វើនោះដែរ ហើយអ្នកដែលមិននិយាយច្រើនក៏មិនប្រាកដថា មិនពូកែធ្វើនោះទេ។ នៅទីនេះ ការស្រាវជ្រាវថ្មីមួយបានរកឃើញថា អ្នកដែលស្ងប់ស្ងៀម មានលក្ខណៈសម្បត្តិឆ្លាតជាងអ្នកដែលនិយាយច្រើនទៅវិញដោយបានលើក យកមូលហេតុចំនួន ៦ ដូចខាងក្រោមនេះ៖
១)មនុស្សដែលស្ងប់ស្ងៀម រវល់តែស្ដាប់អ្នកដទៃកំពុងនិយាយ
អ្វី ដែលគេមើលឃើញជាទូទៅរបស់បុគ្គលនៅស្ងប់ស្ងៀមនោះគឺថា ស្ថិតនៅក្នុងចំណោមមនុស្សម្នា ខ្លួនគឺជាបុគ្គលម្នាក់ដែលជាផ្ទាំងស៊ីបនៃការស្ដាប់មតិយោបល់ ឬ ការពិភាក្សារបស់អ្នកដទៃ។ បុគ្គលប្រភេទនេះ អាចស្ដាប់បានគ្រប់ជ្រុងជ្រោយនូវអ្វីដែលគេនិយាយ ខណៈដែលអ្នកនិយាយខ្លះមិនបានដឹងថា ខ្លួនបាននិយាយអ្វីខ្លះក៏មាន។ ចំណុចត្រង់នេះហើយ ដែលធ្វើឲ្យបុគ្គលស្ងប់ស្ងៀមអាចត្រងត្រាប់ វិភាគ វាយតម្លៃបានច្រើន ហើយមានគំនិតច្រើនលើសអ្វីដែលអ្នកនិយាយច្រើនទៅទៀតក៏ថាបាន។
២)បុគ្គលស្ងប់ស្ងៀមជាទូទៅចូលចិត្តសរសេរ និង អានច្រើនជាងខ្លួននិយាយ
គុណសម្បត្តិ មួយទៀតដែលគេមិនអាចប្រកែកបាននោះគឺថា ជាទូទៅអ្នកដែលស្ងប់ស្ងៀមចូលចិត្តចំណាយពេលច្រើនលើការសរសេរ និង អានសៀវភៅច្រើនជាងអ្នកដែលនិយាយច្រើន។ ទាំងនេះដែលធ្វើឲ្យអ្នកស្ងប់ស្ងៀមប្រមូលបានគំនិតថ្មី មានភាពច្នៃប្រឌិត បំផុសឲ្យកើតចេញជាសកម្មភាពមានប្រយោជន៍ដល់ពួកគេ។
៣)បុគ្គលស្ងប់ស្ងៀមមានសមត្ថភាពគិតខ្ពស់ ដោយសារពិចារណាច្រើន
នៅ ទីនេះរបាយការណ៍ស្រាវជ្រាវរបស់ទស្សនាវដ្ដី AARP របស់រកឃើញថា ភាពស្ងប់ស្ងៀមគឺជាអាហារដ៏ល្អសម្រាប់បំប៉នខួរក្បាលឲ្យមានសុខភាព ល្អ ព្រោះភាពស្ងប់ស្ងៀមបានផ្ដល់ឱកាសឲ្យខួរក្បាលបានគិតពិចារណាស្វែង រកអ្វីដែលត្រឹមត្រូវមុននឹងចេញជាសកម្មភាពអនុវត្តចេញមក។ បុគ្គលដែលស្ងប់ស្ងៀមចំណាយពេលលើការធ្វើសមាធិ ប្រមូលផ្ដុំកម្លាំងបញ្ញាស្មារតីឲ្យកាន់តែរឹងមាំគិតទៅលើអ្វីមួយ ដែលបានឮដោយមិនមែនចេះតែជឿតាមតែគេនិយាយនោះឡើយ។
៤)បុគ្គលស្ងប់ស្ងៀម មិនមែនមានន័យថាគេជាមនុស្សឯកោនិយមទេ
នៅក្នុងចំណោមបុគ្គលដែលមានបញ្ញាឈ្លាសវៃ មានមួយផ្នែកជាប្រភេទមនុស្សដែល «មានទម្លាប់រក្សាភាពស្ងប់ស្ងៀម – introverts»។ និយាយនេះមិនមែនទាំងអស់ទេ គឺចំពោះបុគ្គលខ្លះ។ របកគំហើញរបស់លោកស្រី Susan Cain ដែលបានសរសេរចងក្រងសៀវភៅរបស់លោកស្រី ក្រោមចំណងជើងថា «ការរក្សាភាពស្ងប់ស្ងៀម ៖ ថាមពលពិសេសរបស់បុគ្គលមិនសូវបានវោហារ » មានដូចតទៅនេះ៖
តាមពិត «មនុស្សស្ងប់ស្ងៀម» និង «មនុស្សខ្មាសអៀន» ខុសគ្នា។ មនុស្សដែលអៀនខ្មាសច្រើន ដោយសារគេបារម្ភខ្លាចពេលគេធ្វើអ្វីមួយ ឬនិយាយអ្វីចេញទៅ មានគេសើចចំអក។ នេះជាអ្វីដែលគេគិត។ មូលហេតុនេះនាំឲ្យគេខ្លាចរអា លែងហ៊ាននិយាយស្ដី។ ដោយឡែក មនុស្សស្ងប់ស្ងៀម ជាបុគ្គលដែលមិនខ្មាសអៀនទេ គេជាបុគ្គលដែលមានទំនុកចិត្តលើខ្លួនឯង។ ប៉ុន្តែចំណុចសំខាន់ ដោយសារគេមិនចង់បញ្ចេញមុខមាត់ច្រើន ឬគេមិនចូលចិត្តនិយាយវ៉ាងទីម្នាក់ឯងកណ្ដាលជំនុំចំណោម អ្នកផងទាំងពួង។
មនុស្សស្ងប់ស្ងៀម ឬមនុស្សមិនសូវបានសម្ដី គឺកត្តាធម្មជាតិរបស់គេជាមនុស្សចូលចិត្តទទួលយក ឬឆាប់ចាប់បានអ្វីៗពីមជ្ឈដ្ឋានខាងក្រៅ។ មនុស្សប្រភេទនេះស្រូបបានចំណេះដឹងច្រើនមកទុកនៅក្នុងខ្លួន ព្រោះគេជាមនុស្សបើកចិត្តទូលាយសម្រាប់ទទួលយកចំណេះដឹងថ្មីៗ។
៥) បុគ្គលស្ងប់ស្ងៀម ជាមនុស្សដែលប្រសប់ប្រើពាក្យពេចន៍ និងភាសានិយាយ
ចំណាំមើលទៅ! មនុស្សដែលចូលចិត្តនិយាយបូរបាច់ច្រើន ឥតប្រយោជន៍ទៅវិញទេ។ គេចេះតែនិយាយឲ្យតែបាន។ ពេលខ្លះ គេគ្មានមូលដ្ឋាន ឬទឡ្ហីករណ៍រឹងមាំ សម្រាប់ជាបន្ទាល់ចំពោះអំណះអំណាងរបស់គេប៉ុន្មានទេ។ ផ្ទុយទៅវិញ មនុស្សមិនសូវបានសម្ដី កាលណាគេនិយាយមួយដឹងមួយ។ ពាក្យពេចន៍ដែលគេនិយាយចេញមកមានតម្លៃ មានទម្ងន់ មានទឡ្ហីករណ៍គ្រប់គ្រាន់ រហូតអ្នកខ្លះស្ដាប់ខ្លបស្លឹកត្រចៀក គ្មានហ៊ានប្រកែក ព្រោះគេនិយាយត្រូវចំចំណុច។
ចំណុចសំខាន់ព្រោះមនុស្សប្រភេទនេះពូកែស្ទង់ចិត្តមនុស្ស និងពូកែស្ទាបស្ទង់ស្ថានការណ៍ (reflective)។ គេដឹងថាអ្នកនៅជុំវិញខ្លួនគេកំពុងគិតអ្វី? កំពុងចង់បានអ្វីឲ្យពិតប្រាកដ?
៦) បុគ្គលស្ងប់ស្ងៀមចូលចិត្តស្ដាប់ច្រើនជាងនិយាយ
បុគ្គលដែលស្ថិតក្នុងចំណោមអ្នកឆ្លាតវៃកម្រិតខ្ពស់ ជាប្រភេទមនុស្សដែលមានទម្លាប់ស្ដាប់អ្នកដទៃ ដើម្បីយកមកត្រិះរិះពិចារណា។ មនុស្សប្រភេទនេះប្រមូលបានចំណេះដឹងច្រើនលើសលប់ ជាងមនុស្សដែលនិយាយច្រើន។ ចំណុចសំខាន់ត្រង់ថាអ្វីដែលគេស្ដាប់មក គេមិនមែនជឿស្លុង ១០០% ដោយគ្មានការពិចារណាទេ ព្រោះគេចេះធ្វើសំយោគ និងថ្លឹងថ្លែង ដឹងអាក្រក់ល្អសខ្មៅ។
លទ្ធផលបានមកពីការស្រាវជ្រាវបង្ហាញថាកាលណាមនុស្សម្នាក់មាន ទម្លាប់ស្ដាប់អ្នកដទៃ អ្នកនោះអាចពង្រឹងសមត្ថភាពក្នុងការសម្រេចចិត្ត (decision making)។ មានន័យថា មនុស្សយើងមិនសមជឿលើអ្វីដែលគ្រាន់តែឮគេថានោះទេ ប៉ុន្តែត្រូវចេះសំយោគថ្លឹងថ្លែង។ ពេលខ្លះ បើគេស្ដាប់ឮទស្សនៈ ឬយោបល់ដែលប្រាសចាកប្រាកដភាព (reality) គេអាចនឹងសើចក្នុងចិត្ត ព្រោះគេដឹងថាអាគាត់នេះនិយាយចេញមកល្ងង់សុទ្ធតែម្ដង៕
អត្ថបទដោយ៖ Chana Srey ( khmer.it24@gmail.com )
Comments