មនុស្សគ្រប់រូប កើតមកតែងប្រាថ្នាចង់ទទួលបានជោគជ័យក្នុងជីវិត។ ជោគជ័យដែលមនុស្សទូទៅសំដៅលើនោះ ភាគច្រើនជាសម្ភារៈ ប្រាក់កាស ផ្ទះសម្បែង និងឋានៈក្នុងសង្គមជាដើម ប៉ុន្តែ ការឲ្យនិយមន័យនៃពាក្យ “ជោគជ័យ” នេះខុសប្លែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអាស្រ័យលើគោលបំណង របស់ពួកគេ។ ឥឡូវនេះសូមលើកយក ចំណុច ៣ យ៉ាង ដែលអាចជួយអ្នកឲ្យ ខិតកាន់តែកៀកជោគជ័យ មិនថាជាការងារណានោះទេ។
១. ធ្វើអ្វីជា “សក្ដានុពល” របស់អ្នក
គ្មាននរណាអាចដឹងថា អ្នកខ្លាំងលើអ្វី ពូកែអ្វីក្រៅពីខ្លួនអ្នកនោះទេ ។ ក្នុងន័យនេះ អ្នកជាមនុស្សតែម្នាក់ដែលកំណត់អ្វីដែលអ្នកចង់ធ្វើ និងគិតថា អ្នកអាចធ្វើបានប្រសើរ។ ឧទាហរណ៍ថា ឪពុកម្ដាយរបស់អ្នកចង់ឲ្យអ្នក
រៀនជំនាញវេជ្ជសាស្ត្រដើម្បីក្លាយ ខ្លួនជាវេជ្ជបណ្ឌិត និងរកចំណូល បានខ្ពស់ ប្រសិនបើអ្នកមិនចូលចិត្ត ឬសូម្បីតែចាប់អារម្មណ៍ផងនោះ ការសិក្សានោះ ក៏មិនផ្ដល់ឲ្យអ្នកនូវលទ្ធផលជាវិជ្ជមានណាមួយនោះទេ ផ្ទុយទៅវិញ ធ្វើឲ្យខ្ជះខ្ជាយដល់ពេលវេលា និងទឹកចិត្តរបស់អ្នក។
២. រៀបគម្រោងជាប្រចាំ
គ្រប់ការងារទាំងអស់ ការរៀបចំគម្រោងអាចជួយឲ្យអ្នកប្រមើលមើលឃើញច្រើនទាំងចំណុច វិជ្ជមាននិងឧបសគ្គដែលអ្នកនឹងជួបប្រទះ។ ការសិក្សា ធ្វើគម្រោងបានលម្អិត នឹងជួយដល់អ្នក អាចព្យាករណ៍ឧបសគ្គ ដែលនឹងត្រូវជួបប្រទះ និងស្វែងរកដំណោះស្រាយជាបឋម ដ៏ប្រសើរមុននឹងធ្វើដំណើរទៅរកជោគជ័យរបស់អ្នក ហើយចំណុចនេះទៀតសោត ជួយឲ្យចំណេញពេលវេ លា និងបង្កើនជំនឿជាក់កាន់តែខ្ពស់។ សុភាសិតអង់គ្លេសមួយពោលថា “Fail to plan,plan to fail.” ដែលមានន័យថា ការមិនបានរៀបចំគម្រោងជាមុន អាចនាំទៅរកបរាជ័យ។
៣. ការតាំងចិត្ត
គ្មានជោគជ័យណា ដែលអាចសម្រេចបានដោយងាយស្រួលនោះឡើយ។ ប្រសិនបើគ្មានការតាំងចិត្តខ្ពស់នោះ អ្នកអាចនឹងរារែក ឬបោះបង់គោលដៅ ឬសកម្មភាពរបស់ខ្លួន នៅពេលដែលជួបនឹងឧបសគ្គ ។ ប្រសិនបើអ្នកបានប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តហើយ បើទោះជាលោកអ្នកមិនទទួលបានជោគជ័យក៏អ្នកសប្បាយចិត្តនឹងអ្វីដែល អ្នកបានខិតខំប្រឹងប្រែងហើយដែរ។ កម្លាំងចិត្ត ជាកម្លាំងចលករដ៏ខ្លាំងក្នុងការកំណត់ជោគជ័យរបស់លោកអ្នក។
ប្រភព៖ stockideakh
កែសម្រួល៖ SOEM KOSAL
Comments