ប្រាក់ខែ​គ្រូបង្រៀន​តិច ជះឥទ្ធិពល​អាក្រក់​ដល់​កំណែទម្រង់​វិស័យ​អប់រំ


ភ្នំពេញ៖ គ្រូបង្រៀន គឺជា​អ្នក​ផលិត​ធនធានមនុស្ស សម្រាប់​យកទៅ​អភិវឌ្ឍន៍​ប្រទេសជាតិ ប៉ុន្តែ អាជីព​ជា​គ្រូបង្រៀន ត្រូវបាន​ក្លាយជា​ជម្រើស​ចុងក្រោយ​សម្រាប់​អ្នកសិក្សា ជ្រើសរើស​ជា​មុខរបរ​ចិញ្ចឹមជីវិត។ ប្រាក់បៀវត្ស​ដ៏​តិចតួចស្តួចស្តើង បានធ្វើ​ឲ្យ​អ្នកសិក្សា​មើលរំលង​មុខរបរ​មួយ​នេះ បើទោះបី​ជាមាន​បំ​ណិ​ន​ប្រសប់​ផ្នែក​គ្រូបង្រៀន​តាំងពីក្មេង​ក៏ដោយ។ ចំណែកឯ​ពលរដ្ឋ​ទូទៅ​វិញ តែងតែ​ស្រែក​ចង់បាន​គុណភាព​អប់រំ​នៅ​កម្ពុជា​ឲ្យ​មាន​កម្រិត​តាម​ស្តង់ដា​ អន្តរជាតិ តែ​បែរ​ទៅ​មើល​ប្រាក់ខែ​របស់​គ្រូបង្រៀន​វិញ គឺ​នៅ​មិនទាន់មាន​កម្រិតស្តង់ដា​អន្តរជាតិ​នៅឡើយ​ទេ។ តើ​ប្រាក់បៀវត្ស​គ្រូបង្រៀន​ទាប ពិតជា​បាន​ទាញ​ទម្លាក់​គុណភាព​អប់រំ​នៅ​កម្ពុជា​ពិត​មែនឬ?  
គ្រូបង្រៀន​នៅ​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា មាន​ជីវភាព​ខ្សត់ខ្សោយ។ ប្រាក់ខែ​ទាប បានធ្វើ​ឲ្យ​គ្រូបង្រៀន​មួយចំនួនធំ បង្កើត​មុខរបរ​បន្ថែម ដែលជា​ហេតុ​ធ្វើ​ឲ្យ​គ្រូបង្រៀន ត្រូវ​ចំណាយ​ពេលវេលា​ជាច្រើន សម្រាប់​ប្រកបមុខរបរ​ទី​ពីរ​នេះ។ ហើយ​ដោយសារតែ​គ្រូបង្រៀន​បង្កើត​អាជីព​បន្ថែម​នេះហើយ ទើប​ពួកគេ​គ្មាន​ពេល​គ្រប់គ្រាន់ នៅក្នុង​ការស្រាវជ្រាវ គ្មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​យកចិត្តទុកដាក់​បង្រៀន​សិស្ស​ឲ្យ​ បានល្អ។
 
នៅតាម​ទីជនបទ​ដាច់ស្រយាល គ្រូបង្រៀន មិនអាច​រកប្រាក់​បន្ថែ​ម តាមរយៈ ការបង្រៀន​គួរ​ក្រៅ​ម៉ោង លក់​ឯកសារ​ឲ្យ​សិស្ស ឬ​ប្រកប​អាជីពផ្សេងៗ ក្រៅពី​ធ្វើជា​គ្រូបង្រៀន។ ហេតុផល​នេះហើយ ទើប​បណ្តាល​ឲ្យ​គ្រូបង្រៀន​ភាគច្រើន មិន​ចង់ទៅ​បង្រៀន នៅ​តំបន់​ជនបទ​ចុងកាត់មាត់ញក។ ពួកគេម្នាក់ៗ បាន​ស្វែងរក​ទីតាំង​បង្រៀន​នៅ តាម​ទីប្រជុំជន ឬ​ទីក្រុង ពីព្រោះ​កន្លែង​ដែលមាន​មនុស្ស​ច្រើន​បែបនេះ ងាយស្រួល​ឲ្យ​ពួកគេ​រក​ចំណូល​បន្ថែម តាម  រយៈ ការរក​ប្រាក់​ក្រៅ​ម៉ោង។
 
បញ្ហា​ប្រាក់បៀវត្ស​មាន​កម្រិត​ទាប បានធ្វើ​ឲ្យ​គ្រូបង្រៀន​មួយចំនួនធំ​ជួប​ការលំបាក។ គ្រូ​ខ្លះ ត្រូវបាន​បោះចោល​សីលធម៌ គុណធម៌ និង​ភាពថ្លៃថ្នូរ​ក្នុងនាម​ជា​អ្នក​អប់រំ ដើម្បី​រកប្រាក់​ចិញ្ចឹម​គ្រួសារ តាមរយៈ​ការប្រព្រឹត្ត​អំពើពុករលួយ លក់​នំ​ក្នុង​ថ្នាក់ លក់​វិញ្ញាសា លក់​មេរៀន និង​បើក​បង្រៀន​គួរ​បន្ថែម​ជាដើម។ ចំណែក​គ្រូបង្រៀន​មួយចំនួនទៀត បាន​បោះបង់​មុខរបរ​នេះ​ចោល​តែម្តង ដើម្បី​ទៅ​ប្រកប​អាជីវកម្មផ្សេងៗ ដែល​អាច​រកចំណូលបាន​ក្នុងការ​ចិញ្ចឹម​គ្រួសារ។ រីឯ​គ្រូ​មួយចំនួនទៀត ដោយសារតែ​ស្រឡាញ់​អាជីព​ជា​គ្រួ​បង្រៀន ទោះបីជា​ប្រាក់ខែ​តិចតួច​ក៏ដោយ ក៏​នៅតែ​ក្រាញននៀល ដើម្បី​បណ្តុះបណ្តាល​កូន​ខ្មែរ​ឲ្យ​មានចំណេះដឹង សម្រាប់​យកទៅ​អភិវឌ្ឍន៍​សង្គម។
 
តាមពិតទៅ មុខរបរ​ជា​គ្រួ​បង្រៀន គឺជា​មុខរបរ​ស្រាវជ្រាវ​ច្រើន ស្វែងរក​ចំណេះដឹង​ដែលថ្មីៗ រុករក​វិធីសាស្ត្រ​បង្រៀន​ដែល​ល្អ សរសេរ​សៀវភៅ ចងក្រង​ឯកសារ និង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការបង្រៀន​សិស្ស។ ការងារ​ទាំងនេះ គឺ​ទាមទារ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង និង​ត្រូវ​ប្រើពេល​វេលា​ច្រើន ប៉ុន្តែ​បើ​ប្រាក់ខែ មិនអាច​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​គ្រប់គ្រាន់​ផង តើ​គ្រូបង្រៀន​មាន​ពេលវេលា​ឯណា ទៅ​ចូល​បណ្ណាល័យ​ស្រាវជ្រាវ មាន​ពេល​ឯណា ទៅ​សរសេរ​សៀវភៅ​ចងក្រង​ឯកសារ ព្រោះមួយថ្ងៃៗ ពួកគេ​ខ្វល់​តែ​ពី​ជីវភាព ខ្វល់​តែ​បើក​បង្រៀន​គួរ​ក្រៅ​ម៉ោង ខ្វល់​តែ​ធ្វើ​ម៉េច​រកប្រាក់​ដើម្បី​ទប់ទល់​នឹង​ជីវភាព​គ្រួសារ​ដែល​ក្រីក្រ  លំបាក។
 
កន្លងមក ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ធ្លាប់បាន​ធ្វើកំណែទម្រង់​ជាច្រើន​ហើយ​ដែរ។ ជាពិសេស ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ក្រសួង​បានធ្វើការ​រឹតបន្តឹង ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ(បាក់​ឌុប) ការដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​ឲ្យ​រស់នៅ​មាន​ជីវភាព​សមរម្យ គឺ​ក្រសួង​អប់រំ​បាន​ដំឡើង​បៀវត្ស​ជា​បន្តបន្ទាប់។ ជាពិសេស​កាលពី​ឆ្នាំ២០១៤ កន្លងទៅ រដ្ឋាភិបាល​បានសម្រេច​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​នៅ​ដើមឆ្នាំ២០១៥ បាន​មួយចំនួន​បន្ថែមទៀត។

 ប៉ុន្តែ​ការដំឡើង​ប្រាក់ខែ​គ្រូបង្រៀន នៅតែមាន​កម្រិត​តិចតួច​នៅឡើយ​ដែល​មិនអាច​ឆ្លើយតប​ទៅនឹង​ទំនិញ​នៅលើ​ទីផ្សារ ដែល​ចេះតែ​ឡើងថ្លៃ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ មិនមាន​ការសិក្សា​ស្រាវជ្រាវ​ច្បាស់លាស់ អំពី​ការចំណាយ​ប្រចាំថ្ងៃ​របស់​គ្រូបង្រៀន​នោះទេ ប៉ុន្តែ គេ​អាច​វាយតម្លៃ​បាន​ថា ប្រាក់ខែ​ដ៏​តិច​ស្តួចស្តើង​នេះ ធ្វើ​ឲ្យ​គ្រូបង្រៀន​មួយចំនួន​នៅតែ​ស្ថិតនៅក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ។ មួយថ្ងៃៗ គ្រួ​បង្រៀន ត្រូវ​ចំណាយ​លើ​ម្ហូបអាហារ ចំណាយ​លើ​កូន​រៀន ទិញ​សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​សម្រាប់​គ្រួសារ កម្មវិធី​សង្គម​នានា ដូចជា អាពាហ៍ពិពាហ៍ បុណ្យផ្សេងៗ និង​ត្រូវ​ចំណាយ​រាប់រយ​ជំពូក​ដទៃទៀត។
 
ប្រាក់ខែ​គ្រូបង្រៀន​សព្វថ្ងៃ រាប់​តាំងពី​គ្រូ​មតេយ្យ​សិក្សា បឋម អនុវិទ្យាល័យ វិទ្យាល័យ និង​ឧ​ត្ត​មសិ​ក្សា បៀវត្ស​គ្រូបង្រៀន គឺ​ស្ថិតនៅក្រោម១លាន​រៀល​នៅឡើយ។ តើ​ប្រាក់ខែ​ប៉ុណ្ណឹង ពេលណា​ទើប​គ្រូបង្រៀន​មាន​ជីវភាព​សមរម្យ​នឹង​គេ? តើ​ពេលណា​ទើប​គ្រូបង្រៀន ឈប់​ខ្វល់​ជាមួយ​មុខរបរ​ក្រៅ​ម៉ោង​តទៅទៀត ហើយ​ផ្តោត​តែ​លើ​ការងារ​បង្រៀន?
 
ដូច្នេះ ការដំឡើង​ប្រាក់ខែ​គ្រួ​បង្រៀន​ឲ្យ​មាន​ជីវភាព​សមរម្យ គឺជា​គន្លឹះ​អាទិភាព ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា គួរ​យកចិត្ត​ទុក​ឲ្យ​មែនទែន។ ប្រសិនបើ​គ្រូបង្រៀន នៅតែមាន​កម្រិតជីវភាព​ក្រីក្រ​នៅឡើយ វិស័យ​អប់រំ​ប្រាកដជា​រាំងស្ទះ​មិនអាច​ដំណើរការ​បានល្អ​នោះទេ។ លើសពីនេះ កំណែទម្រង់​ដែល​រដ្ឋាភិបាល​កម្ពុជា បានប្រកាស​តាំងពី​ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៣នោះ ប្រាកដជា​ពិបាក​នឹង​ទទួលជោគជ័យ​ណាស់ ហើយ​គុណភាព​អប់រំ​របស់​កម្ពុជា នឹង​នៅតែ​ចោទ​ជា​បញ្ហា ពោលគឺ​គុណភាព​អប់រំ នៅតែ​ទន់ខ្សោយ បើសិន​បញ្ហា​ប្រាក់​នៅតែ​ធ្វើ​ឲ្យ​គ្រួ​បង្រៀនរ​ស់ទាំង​ត្រដាបត្រដួស​នោះ៕

Comments