ឡាន​​អគ្គិសនីអាចនឹងចេញ​​​ពីរ​​ឆ្នាំ​​​ទៀត​​ ​ការ​​រចនា​​ស្អាត​ និង​​ ទំនើប


      រថយន្ត​អគ្គិសនី​​ម៉ូដែល Tesla Model X ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក​​ Tesla Motors ​ដែល​គេ​ទន្ទឹង​រង់​ចាំ​អស់​រយៈ​ពេល​​ជិត​ពីរ​ឆ្នាំ​​នោះ​ ឥឡូវ​ក្រុម​ហ៊ុន​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​។


នៅ​យប់​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ ​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Tesla Motors លោក​ Elon Musk ​បាន​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត​អគ្គិសនី​​ដែល​មាន​ឈ្មោះ​ថា​ Model X ​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការ​​មួយ​​ក្នុង​ទី​ក្រុង​ Fremont​ រដ្ឋ​​​ California ​ក្បែរ​រោង​ចក្រ​ផលិត​រថយន្ត​ Tesla ផ្ទាល់។ ​ Tesla Model X ​បាន​បំពាក់​ដោយ​មុខងារ និង​ការ​រចនា​ទំនើប​​ៗ​ជា​ច្រើន​ដោយ​ក្នុង​នោះ​​គេ​ឃើញ​មាន​លក្ខណៈ​ពិសេស​​​ ដូច​ជា​៖ ​

Model X ​គឺ​ជា​រថយន្ត​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​​​ទំនើប​មួយ​ ហើយ​​ក៏​ជា​ប្រភេទ​រថយន្ត SUV ដំបូង​​បំផុត​របស់​ក្រុមហ៊ុន Tesla ​ផង​ដែរ។ នៅ​ផ្ទៃ​ខាង​ក្នុង​របស់​វា​គឺ​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​​​កៅ​អី​ ដល់​ទៅ​បី​ជួរ។​


បន្ថែម​ទៀត​នោះ Model X​ ​ត្រូវ​បាន​រចនា​ឡើង​​​បំពាក់​ដោយ​ទ្វារ​ទំនើប​ប្រភេទ​​ Falcon Wing ​ដោយ​​​​លក្ខណៈ​បើក​របស់​វា​គឺ​​បើក​ទៅ​ផ្នែក​ខាង​លើ​​ស្រដៀង​ទៅ​នឹង​ស្លាប​ សត្វ​ដែរ។ ដូច្នេះ​ទ្វារ​ប្រភេទ​នេះ​គឺ​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដំណើរការ​​ សម្រាប់​អ្នក​ជិះ​ទាំង​កន្លែង​អង្គុយ​ជួរ​​ទី​ពីរ ​និងជួរ​​ទី​បី។


ជា​ពិសេស​ទៅ​ទៀត​នោះ​ អាគុយ​អគ្គិសនី​របស់​វា​​អាច​ដំណើរការ​បាន​ទៅ​ដល់​ចម្ងាយ​ប្រមាណ​ជា​ ៤០០ គីឡូម៉ែត្រ​សម្រាប់​ការ​សាក​ម្ដង ហើយ​វា​អាច​បង្កើន​ល្បឿន​​ពី​ ០​ ទៅ ៩៦,៥ គ.ម/ម៉​ ​ ត្រឹម​ពេល​​តែ​ ៣,៨ វិនាទី​​ប៉ុណ្ណោះ។

​នៅ​ផ្នែក​គូទ​​រថយន្ត​​គឺ​មាន​​​​ការ​រចនា​ធំ​ទូលាយ​អាច​ដាក់​ឥវ៉ាន់​បាន​ច្រើន។

​រាល់ការ​កំណត់​​​មុខងារ​​ភាគ​ច្រើន​របស់​ Model X ​គឺ​អាច​បញ្ជា​បាន​តាម​រយៈ​អេក្រង់​ Touchscreen ដ៏​ទំនើប។ បន្ថែម​ទៀត​នោះ​វា​មាន​ប៊ូតុង​មួយ​សម្រាប់​ដំណើរការ​​ប្រព័ន្ធ​តម្រង​ខ្យល់​ សុវត្ថិភាព​​​​ពិសេស​​ឈ្មោះ​ថា​​​ “Bioweapon Defense Mode”។


​ជា​មួយ​គ្នា​នោះ​ដែរ​​ Model X ​គឺ​មាន​សមត្ថភាព​អាច​ទាញ​សណ្ដោង​ទំនិញ​ខាង​ក្រោយ​រថយន្ត​បាន​ដល់ទៅ​​ទម្ងន់ ​២២៦៧,៩៦ គ.ក ឯណោះ។


ក្រៅ​ពី​មុខងារ​ និង​បច្ចេកវិទ្យា​ដែល​បាន​បង្ហាញ​​ខាង​លើ​ ​Tesla Model X ​ក៏​នៅ​មាន​មុខងារ​​ជា​ច្រើន​ផ្សេង​​ទៀត​។ ​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​ផលិតរថយន្ត​អាមេរិក​មួយ​នេះ​​នឹង​ចាប់​ ផ្ដើម​ដំណើរការ​លក់​​ប្រហែល​ជា​ពាក់​កណ្ដាល​​ឆ្នាំ ២០១៦ ដោយ​​​​តម្លៃ​របស់​វា​គឺ​ចាប់​ពី​ ១៣២ ០០០ ដុល្លារ​អាមេរិក​ឡើង​ទៅ៕
Source: SABAY NEWS

Comments