ដេ​កាត៖ «ខ្ញុំ​គិត ដូច្នេះ​ខ្ញុំ​មាន​អត្ថិភាព» មានន័យ​ដូចម្ដេច?

ទស្សនវិទូ​វិចារណញាណ​និយម និង​ជា​ទស្សនវិទូ​សង្ស័យ​និយម​ជនជាតិ​បារាំង ដេ​កាត បាន​យក​បញ្ញត្តិ​សង្ស័យ​ធ្វើជា​មូលដ្ឋាន ដើម្បី​ស្វែងរក​សច្ចភាព តថភាព ឬ​ភាពជាក់ស្ដែង។

តើ​ឥ​ន្ទ្រិ​យារ​ម្មណ៍​ទាំង​ប្រាំ​របស់​មនុស្ស​ពិតជា​អាច​បញ្ជាក់​ពី​ សច្ចភាព​បានដែរ​ឬទេ? ឬមួយ​ក៏​មនុស្ស​ត្រូវតែ​សង្ស័យ ត្រូវតែ​គិត មុន​សម្រេចចិត្តថា អ្វីមួយ​ពិត​ឬ​មិន​ពិត?



ចំពោះ​ទស្សនៈ​របស់​ដេ​កាត ដែល​បាន​លើកឡើងថា «ខ្ញុំ​គិត ដូច្នេះ​ខ្ញុំ​មាន​អត្ថិភាព» គឺ​លោក​ចង់​សំដៅ​ដល់​សច្ចភាព​ពិត ដោយ​ផ្ដើមចេញពី​ការគិត ការវិភាគ ពិចារណា ប្រកបដោយ​ហេតុផល។ សច្ចភាព​ពិត​មិនអាច​កំណត់​បាន​ដោយ​គ្រាន់តែ​ការជួប​ប្រទះ នៃ​អង្គ​វិញ្ញាណ​ទាំង​ប្រាំ​នោះទេ ព្រោះថា អង្គ​វិញ្ញាណ​អាចមាន​ភាព​ភ័ន្តច្រឡំ ឬក៏​អាច​និយាយបានថា វា​គ្រាន់តែ​បង្ហាញ​ពី​បាតុភូត​ចំពោះមុខ​ជាក់ស្ដែង ដោយ​ភ្នែក​បាន​មើលឃើញ ត្រចៀក​បាន​ស្ដាប់ឮ ច្រមុះ​បានទទួល​ក្លិន កាយ​បាន​ប៉ះ​ជាមួយ​បរិស្ថាន​ជុំវិញ អណ្ដាត​បានទទួល​រស​ជាតិ។ ប៉ុន្តែ អ្វីដែល​មើលឃើញ ប៉ះ ស្ដាប់ រស ឭ នោះ​វា​មិន​អាចជា​ការពិត​ទាំងស្រុង​បាន​នោះទេ។ ដូច្នេះ អង្គ​វិញ្ញាណ​មិនអាច​ឲ្យ​យើង​កំណត់ថា រាល់​អ្វីដែល​វាទ​ទួលបាន​សុទ្ធ​តែមាន​លក្ខណៈ​ពិត​ជាក់ស្ដែង​ឡើយ។ ហេតុនេះ​យើង​ត្រូវតែមាន​ការសង្ស័យ ហើយ​ចាប់ផ្ដើម​គិតពិចារណា ប្រើ​វិចារណញាណ វិភាគ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ទៅលើ​អ្វីដែល​អង្គ​វិញ្ញាណ​ទាំង​ប្រាំ​របស់​យើង​ទទួលបាន នោះ​ទើប​ឲ្យ​យើង​ទទួលបាន​សច្ចភាព​ជាក់ស្ដែង។

ជារួម​ចំពោះ​គំនិត និង​ទស្សនៈ​របស់ ដេ​កាត មិន​ចង់​ឲ្យ​មនុស្ស​ទាំងអស់​ជឿជាក់​ទៅលើ​ឥ​ន្ទ្រិ​យារ​ម្មណ៍​ទាំងស្រុង​ នោះទេ ពោលគឺ មនុស្ស​ត្រូវតែ​មានការ​សង្ស័យ ហើយ​ប្រើប្រាស់​វិចារណញាណ​របស់ខ្លួន ដើម្បី​ស្វែងរក​តថភាព​ពិត​នៃ​ហេតុការណ៍​នានា។ បើទោះជា​បទពិសោធន៍​ឥន្ទ្រិយ​នាំឱ្យ​កើតមាន​ពុទ្ធិ​ក៏ដោយ តែ​វា​គ្រាន់តែ​ជា​ពុទ្ធិ​ដែល​នៅមាន​ការសង្ស័យ​នៅឡើយ។ ដូច្នេះ​បទពិសោធន៍​ឥន្ទ្រិយ៖ «គួរតែ​ស្ថិតនៅក្រោម​ការផ្ទៀងផ្ទាត់​របស់​វិចារណញាណ ហើយ​ប្រើ​វិចារណញាណ ដើម្បី​បែងចែក​អ្វីដែល​ពិត និង​មិន​ពិត»៕

ប្រភព៖ http://www.thmeythmey.com

Comments