បុព្វហេតុ​នៃ​ការ​កើត​មាន​ព្រះ​ត្រៃ​បិដក​ខ្មែរ​ (ប្រែ)


ហេតុ​ដែល ​ជា​ទំនង​នាំ​ឲ្យ​កើត​ព្រះ​ត្រៃ​បិដក​បោះ​ពុម្ព​ឡើង​បាន​ ព្រោះ​អា​ស្រ័យ​នូវ​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ គឺ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ទ្រង់​ប្រ​កប​ដោយ​ព្រះ​រាជ​សទ្ធា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ទ្រង់​មាន​ព្រះ​ចិន្តា​ប្រាថ្នា​នឹង​ឲ្យ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ រៀន​សូត្រ​ឲ្យ​បាន​ចេះ​ដឹង​ឡើង​ ហើយ​ប្រព្រឹត្ត​តាម​សេច​ក្តី​ចេះ​ដឹង​នោះ​ផង​  ព្រម​ទាំង​រាជការ​ប្រូតិកតូរ៉ាត៍​និង​អស់​លោក​កុង្សីយ៍​សេនា​បតី​ លោក​ក៏​មាន​សេចក្តី​សង្គ្រោះ​ដល់​ពួក​មហា​ជន​ក្នុង​ប្រទេស​កម្ពុជា​នេះ​ ឲ្យ​មាន​គម្ពីរ​ក្បួន​ច្បាប់​យ៉ាង​ត្រឹមត្រូវ​ ជា​គោ​លចារឹកផង​, អាស្រ័យ​នឹង​ប្រាក់​ចំណូល​របស់​មហាជន​ដែល​មាន​សេច​ក្តី​ជ្រះ​ថ្លា​ ។
\
 ព្រះ​ ត្រៃ​បិដក​នេះ​ ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ឆ្នាំ​មមែ​ត្រីស័ក​ ពុទ្ធ​សករាជ​ ២៤៧២ ត្រូវ​ គ្រិស្ត​សករាជ ១៩៣០ ។ បើ​គិត​តាំង​ពី​ការ​ផ្តើម​ផ្ទៀង​ផ្ទាត់​ប្រែ​ព្រះ​ត្រៃ​បិក​ក្នុង​គ.ស ១៩២៩ មក​ទល់​ ១៩៦៨ ទើប​បាន​ចប់​សព្វ​គ្រប់ ហើយ​បាន​បោះ​ពុម្ព​ស្រេច​ទាំង​ ១១០ភាគ​ គឺ​អស់​រយៈ​កាល​ ៣៩​ ឆ្នាំ​គត់ ។

ឯ​ព្រះ​ត្រៃ​បិដក​ដែល​បោះ​ពុម្ព​ក្នុង​សម័យ​នេះ មាន​ចំនួន​ ១១០​ភាគ​ជា​សៀវភៅ ក្នុង​សៀវភៅ​នីមួយ​ៗ​ មាន​ទាំង​បាលី​ទាំង​សម្រាយ​ បាលី​នៅ​ទំព័រ​ខាង​ឆ្វេង​ សម្រាយ​នៅ​ទំព័រ​ខាង​ស្តាំ​ គ្រប់​សៀវភៅ​ទាំង​អស់​​ ។

អំពី​ប្រយោជន៍​នៃ​ការ​ប្រែ​ព្រះ​ត្រៃ​បិដក​ ៖ អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ គួរ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ឡើង​មក​កាន់​សេច​ក្តី​ជ្រះ​ថ្លា​ ក្នុង​ការ​ប្រែ​ព្រះ​ត្រៃ​បិដក​និង​ការ​រៀប​រៀង​សេចក្តី​ជា​សម្រាយ​នោះ​ឲ្យ​ យ៉ាង​ច្រើន​ ព្រោះ​ការ​ផ្ទៀង​ផ្ទាត់​បាលី​ឲ្យ​ត្រឹម​ត្រូវ​ ហើយ​ប្រែ​ចេញ​មក​ជា​សម្រាយ​បោះ​ពុម្ព​នេះ​ ជា​កិច្ច​មាន​ប្រយោជន៍​ច្រើន​ប្រការ​ណាស់​ មាន​ប្រយោជន៍​ដូច្នេះ​គឺ​៖

១. សេចក្តី​សម្រាយ​ងាយ​មើល​ ងាយស្តាប់​ជាង​បាលី ព្រោះ​លោក​អ្នក​ប្រែ​បាន​រិះ​គិត​រក​ទំនង​សេចក្តី​ឲ្យ​ស្រួល​មើល​ ស្រួល​ស្តាប់​រួច​ជា​ស្រេច​ ។
២. ធ្វើ​ដំណឹង​ពុទ្ធ​សាសនា​ តាំង​អំពី​ដើម​ដរាប​ដល់​ចុង​ គឺ​តាំង​អំពី​ព្រះ​សម្មា​សម្ពុទ្ធ​មិន​ទាន់​ចូល​និព្វាន​ រហូត​មក​​ដល់​ឥឡូវ​នេះ ឲ្យ​រាក់​ ឲ្យ​ងាយ​ឡើង​ មិន​កំបាំង​ បាត់​ជ្រៅ​ពេក ។
៣. បើ​ពុទ្ធ​បរិស័ទ​មាន​បំណង​រៀន​និង​ប្រតិបត្តិ​តាម​ សីល​ សមា​ធិ​ បញ្ញា​ ក៏​មាន​បរិបូណ៌​ក្នុង​ព្រះ​ត្រៃ​បិដក​នោះ​សព្វ​គ្រប់ ។
៤. ព្រះ​ត្រៃ​បិដក​នេះ​ បាន​អណ្តែត​ត្រ​សែត​ឬ​ប្រសូត​ចេញ​ចាក​ផ្ទៃ​នៃ​មាតា​ គឺ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរម​សាស្តា​នៃ​ពុទ្ធ​មាមិកជន​នោះ​ជ្រះ​ស្រឡះ​ហើយ ​ ឲ្យ​ឃើញ​បា្រកដ​ដល់​ភ្នែក​យើង​គ្រប់​គ្នា​ ដោយ​មិន​លំបាក​ងាក​រក​ប៉ុន្មាន​ឡើយ ។
៥. យើង​រាល់​គ្នា​ដែល​បាន​ព្រះ​ត្រៃ​បិដក​បោះ​ពុម្ព​ បាលី​ម្ខាង​សម្រាយ​ម្ខាង​នេះ​ ប្រៀប​ដូច​ជា​បាន​ប្រទីប​ឬ​គោម​ធំពីរ​ជួរ​តាំង​នៅ​អម​ផ្លូវ​ទាំង​ពីរ​ខាង​ ដែល​ជា​ផ្លូវ​ដើរ​ទៅ​រក​ទីក្សេមក្រាន្ត​ ជា​ផ្លូវ​ដែល​អ្នក​ឥត​សំណាង​មិន​ត្រូវ​ការ​បាន​ចូល​ដើរ​ជ្រៀត​បៀត​ទៅ​ជា​ មួយផង​បាន​ឡើយ​ ។
៦. ប្រទេស​យើង​ជា​ប្រទេស​មាន​សំណាង​ខ្ពស់​ មាន​លាភ​ធំ​ណាស់​ដែល​បាន​ព្រះ​ត្រៃ​បិដក​មួយ​ចប់​ ទុក​ដូច​ជា​មាន​ពីរចប់ ព្រោះ​បោះ​ពុម្ព​បាលី​ម្ខាង​ សម្រាយ​ម្ខាង​នេះ​ ហាក់​ដូច​ជា​បាន​ថ្នាំ​ឱសថ​ ពីរ​បំពង់កែវ​ ថ្នាំ​ឱសថ​នេះ​នឹង​អាច​រម្ងាប់​រោគ​ច្រើន​យ៉ាង​ មាន​រោគ​គ្រុន​ក្តៅ​ក្រហាយ​ គឺ​សេចក្តី​វិវាទ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ជា​ដើម​ និង​សេចក្តី​សង្ស័យ​មិន​ដាច់​ស្រេច​ជា​យូរ​មក​ហើយ​នោះ​ ឲ្យ​បាន​សះ​ស្បើយ​ជា​ប្រាកដ​ ។

ព្រះ​ត្រៃ​បិដក​នេះ​ មិន​មែន​មាន​តែក្នុង​ប្រទេស​យើង​ទេ​ ប្រទេ​ស​ឯ​ទៀត​ៗ​ដូច​ប្រទេស​សៀម ភូមា ស្រីលង្កា និង​អឺរ៉ុប​ជា​ដើម​ក៏​មាន​ដែរ, ប្រទេស​ទាំង​នោះ​ គេ​ក៏​បាន​ផ្ទៀង​ផ្ទាត់​បោះ​ពុម្ព​ហើយ​ ប៉ុន្តែ​បោះ​ពុម្ព​សុទ្ធ​តែ​ភាសា​បាលី​សុទ្ធ​ មិន​ទាន់​បាន​ប្រែ​ជា​សម្រាយ​ឲ្យ​ចប់​សព្វ​គ្រប់​ ដូច​ប្រទេស​យើង​ដែល​បាន​ប្រែ​ចប់​ បាន​បោះ​ពុម្ព​ស្រេច​ហើយ​នេះ​ទេ ។

បណ្តា​សៀវភៅ​ព្រះ​ត្រៃបិដក​ ១១០ភាគ​នោះ ចែក​ជា​ព្រះ​វិន័យ​ ១៣ភាគ ជា​ព្រះ​សូត្រ​ ៦៣ភាគ ជា​ព្រះ​អភិធម្ម​៣៤ភាគ ។ តាំង​អំពី​ព្រះ​បរម​គ្រូ​ទ្រង់​យាង​ចូល​ព្រះនិព្វាន​ទៅ​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ ក្នុង​គម្ពីរ​ដីកា​ ឬ​ក្បួន​ច្បាប់​ ពង្សាវតារណា​ៗ​ ក៏មិន​ដែល​ឮ​ថា​ មាន​គេ​ប្រែ​ព្រះ​ត្រៃ​បិដក​ចប់​សព្វ​គ្រប់​យ៉ាង​នេះ​ឡើយ ។ ដែល​តំណាល​​មក​ក្នុង​គម្ពីរ​បាលី​ មាន​គម្ពី​រ​មហា​វង្ស​ជា​ដើម​នោះ​ថា​ តាំង​ពី​ពុទ្ធ​សករាជ​ទី​ ១ គឺ​ជា​ឆ្នាំ​ដែល​ព្រះ​បរម​សាស្តា​យាង​ចូល​បរិ​និព្វាន​ទៅ​ថ្មី​ៗ​នោះ​ ព្រះ​អរហន្ត​៥០០​អង្គ​ មាន​ព្រះ​មហា​កស្សបៈ​ជា​ដើម​ លោក​ប្រជុំ​គ្នា​ធ្វើ​សង្គាយ​នា​ជា​ដំបូង​ ផ្ទៀង​ផ្ទាត់​ព្រះ​ពុទ្ធ​វចនៈ​ឲ្យ​តាំង​នៅ​ដូច​ដើម​ មាន​ព្រះ​បាទ​អជាត​សត្រូវ​ជា​ពុទ្ធ​សាសនូបត្ថម្ភ​ក៍ ធ្វើ​ចំនួន​៧​ខែ​ ទើប​បាន​រួច​សេ្រច​ ព្រះ​ពុទ្ធ​សាសនា​ក៏​តាំង​នៅ​មាំ​មួន​បាន​ជា​យូរ​អង្វែង​ ត​ពី​នោះ​មក​បាន​សង្គាយនា​៤​ដង​ទៀត​ គឺ​សង្គាយនា​ទី​២ ទី​៣ ទី​៤ ទី​៥​ ។

ឯសង្គា​យនា​ទី​ ២ ទី​៣ ទី​៤ នោះ​មិន​មាន​ប្លែក​គ្នា​អំពី​សង្គាយនា​ទី​១​ នោះ​ប៉ុន្មាន​ទេ​ គឺ​គ្រាន់​តែ​ផ្ទៀង​ផ្ទាត់​ពុទ្ធ​វចនៈ​ឲ្យ​ត្រឹម​ត្រូវ​ដូច​បឋម​សង្គាយ​នា​ ប៉ុណ្ណោះ​, ដល់​មក​សង្គាយនា​ទី​៥ ទើប​មាន​ការ​ប្លែក​គ្នា​បន្តិច​ ព្រោះ​បាន​លោក​ព្រះ​ពុទ្ធ​វចនៈ​ចារឹក​ដាក់​លើ​ស្លឹករឹត​ ប៉ុន្តែ​នឹង​មាន​តំណាល​ថា បាន​ប្រែ​ពុទ្ធ​ភាសិត​ចាក​បាលី​មក​ជា​សម្រាយ​ សូម្បី​តែ​ម្តង​ក៏​ទេ​សោះ​ គ្រាន់​តែ​បាន​ផ្ទៀង​ផ្ទាត់​ពុទ្ធ​វចនៈ​ គឺ​ព្រះ​ត្រៃបិដក​នេះ​ឲ្យ​ត្រឹម​ត្រូវ​នៅ​ដូ​ច​ដើម​ និង​ប្រែ​ចាក​សីហឡភាសា​មក​ជា​មគធ​ភាសា គឺ​ភាសា​បាលី​ប៉ុណ្ណោះ ។

អស់​លោក​អ្នក​ដែល​បាន​ចាប់​មើ​ល​សៀវភៅ​ព្រះ​ត្រៃ​បិដក​ គួរ​ជ្រាប​ហេតុ​ដែល​ជា​ការ​ក្រ​លំបាក​យ៉ាង​អស្ចារ្យ​ ដូច​បាន​រៀប​រាប់​មក​ហើយ​ខាង​ដើម​នោះ ឲ្យ​សព្វ​គ្រប់​ទៅ​ផង​ ទើប​នឹង​មាន​សេច​ក្តី​រីក​រាយ​ក្នុង​ចិត្ត​រឹងរឹត​តែ​កើត​ជ្រះ​ថ្លា​ឡើង​ជា​ ឧឡារ​ភាព​ថែម​ទៀត​ ។ (
អាន​លម្អិត​នៃ​អត្ត​បទ​នេះ​)
 

Comments