តើត្រូវធ្វើបែបណាដើម្បីអប់រំកូនឱ្យក្លាយជាមនុស្សល្អ?


ខ្លួន​យើង​ជា​ឪពុក​ម្ដាយ​ ត្រូវ​ធ្វើ​គម្រូ​ល្អៗ​ដល់​កូនដូច​ជាខ្លួន​ទាំងពីរ​នាក់​ត្រូវមាន​សីល ៥ ​ជាពុទ្ធសាស​និក​ជន ​មាន​សម្មាទិដ្ឋិ​ ចិញ្ចឹម​ឪពុក​ម្ដាយ​របស់យើង។ បើ​យើង​ឆ្លាត​នោះយើងត្រូវ​អញ្ជើញ​ឪពុក​ម្ដាយ​របស់​យើង​មក​នៅ​ជាមួយ ​ដើម្បី​ចិញ្ចឹម​ថែ​រក្សា​គាត់​រៀង​រាល់ថ្ងៃ។​
 ពេល​មាន​កម្មវិធី​បុណ្យ​ព្រះពុទ្ធ​សាសនា​ មានបុណ្យ​ពិសាខ​បូជា ​អាសាឡបូជា ​មាឃបូជា​ ត្រូវនាំ​កូនទៅ​ចូល​រួមក្នុង​ពិធី​បុណ្យ​នោះ​ ហើយ​មិនត្រូវ​ឲ្យកូន​ដើរ​លេង​ឥត​ប្រយោជន៍ទេ ​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​សំពះ​ព្រះ​ពុទ្ធរូប​ នឹង​ព្រះសង្ឃ​ ហើយ​នាំកូន​បូជា​ប្រទីប​ ចំពោះ​ព្រះ​រតនត្រ័យ​។ កាល​នាំកូន​ទៅបុណ្យ​នោះ​ មិន​ត្រូវ​ស្ងៀមៗ​ឥត​ប្រយោជន៍​ ត្រូវ​បង្ហាញ​កូនពី​បុណ្យ​នីមួយៗ ​អានិសង្ស​នៃបុណ្យ ​ប្រវត្តិរឿង​រ៉ាវ​របស់​បុណ្យ​ទាំង​នោះ ​ឬចូល​ទៅក្នុង​ព្រះវិហារ​ឃើញ​គំនូរតាម​ជញ្ជាំង​ ត្រូវពន្យល់​ប្រាប់​រឿង​នីមួយៗ ​ឲ្យច្បាស់​លាស់​ដល់​កូន​ រហូត​កូន​អាច​ចងចាំរឿង​នោះ​បាន​ ចំណុច​នេះ​សំខាន់​ណាស់​ អាច​ធ្វើឲ្យ​កូនយើង​មាន​សម្មាទិដ្ឋិ​ជឿបាប​បុណ្យ ​គុណទោស​ និងជាអ្នក​មាន​គុណធម៌​ដុះក្នុង​ខ្លួន​ជាប់​ជានិស្ស័យ​ជាមនុស្ស​ល្អ​រហូត​ដល់ ​ចាស់ទុំ​។ ម្យ៉ាង​ទៀត​ក្នុង​កម្មវិធី​បុណ្យក្នុង​វត្តអារាម​ផ្សេងៗ​មាន​ភ្ជុំបិណ្ឌ​ ជាដើម ​ត្រូវនាំ​កូន​យើង​ទៅចូល​រួមផង​ ដើម្បីឲ្យ​កូនយើង​មាន​និស្ស័យ​ក្នុង​កាល​ធ្វើបុណ្យ​ទានត​ទៅខាង​មុខ​ ក្រោយ​អស់​ពីយើង​ទៅ ​និង បាន​ជួយ​ថែរក្សា​ទនៀម​ទម្លាប់​ខ្មែរយើង​។ តំណត​ទៅខាង​មុខ​កូន​នឹងធ្លាប់​ធ្វើបុណ្យ​ទាន​តាម​ឪពុក​ម្ដាយ​ពីមុន​ គេនឹង​ជាអ្នក​រួម​ចំណែក​ជួយ​ព្រះពុទ្ធ​សាសនា​ឲ្យស្ថិត​ស្ថេរចីរ​កាល​អស់​កាល ​យូអង្វែង៕ ​
អត្ថបទ៖ ដេវីដ
ប្រភព៖ សៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
 

Comments