ចង់​​​​ក្លាយ​ជា​បុគ្គល​មាន​​អំណាច​ គួរ​រៀន​ប្រើ​យុទ្ធសាស្ត្រ​ ៤៣ ចំណុច​​​​នេះ!


លោក Robert Greene ​ជា​អ្នក​និពន្ធ​សៀវភៅ​ល្អៗ សម្រាប់​អ្នក​រៀបចំ​យុទ្ធសាស្ត្រ​វាយលុក​ក្នុង​សមរភូមិ​អាជីវកម្ម – ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ឫទ្ធានុភាព ឬ​បារមី និង​សិល្បៈ​ក្នុង​ការ​ប្រើ​មនុស្ស និង​ប្រលោម​ចិត្ត​មនុស្ស។ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​សំខាន់ៗ​ដែល​ TheBNEWS បាន​ដក​ស្រង់​ពី​ Business Insider ដែល​បាន​សង្ខេប​សៀវភៅ The 48 Laws of Power មាន​សេចក្ដី​ដូច​ខាង​ក្រោម។

​១- កុំ​ធ្វើ​ចេះ​ដឹង​ជាង​ថ្នាក់​លើ (Never outshine the master) ​៖ ពាក្យ​ទំនឹមទំនៀម​មួយ​ឃ្លា​ពោល​ថា «ក្ដិច​ត្រួយ​តម្រឹម​ទ្រើង» មាន​ន័យ​ថា​ពេល​ខ្លះ​ធ្វើ​ចេះ​ដឹង​ជាង​គេ នាំ​ទុក្ខ​ដាក់​ខ្លួន​ទៅ​វិញ​ទេ។ ក្នុង​កាលៈទេសៈ​ខ្លះ អ្នក​ក្រោម​បង្គាប់​គេ មិន​អាច​ធ្វើ​ជា​អ្នក​ចេះ​ដឹង​ជាង​ចៅហ្វាយ​ខ្លួន​បាន​ទេ ប៉ុន្តែ​ត្រូវ​ធ្វើ​ជា​អ្នក​ជើង​ក្រោយ ដើរ​តាម​ជើង​មុខ។

​​២- មនុស្ស​ដែល​ចូលចិត្ត​ចាក់ចេកចាក់ស្ករ​ កុំ​សូវ​ទុក​ចិត្ត​អស់​ពី​ពោះ​ពេក ព្រោះ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ទឹកភ្នែក​ជូត​ក្បាលជង្គង់​នៅ​ថ្ងៃ​ណា​មួយ។ មនុស្ស​ធន់​ហ្នឹង​អាច​នឹង​បោក​អស់​សក់​ក្បាល ហើយ​ម្យ៉ាងទៀត សត្រូវ​និង​មិត្ត មិន​អាច​មើល​ពី​សម្បក​ក្រៅ​ទៅ ដឹង​ទេ ព្រោះ​មនុស្ស​ដូច​តែ​គ្នា។

​៣- កុំ​ទុក​ចិត្ត​គេ​អស់​ពី​ពោះ ៖ ពាក្យ​សំនួន​ថា​មនុស្ស​ដប់​គត់ ដែល​មាន​ន័យ​ថា​ស្មោះត្រង់​ជ្រុល​ពេក ជា​លក្ខណៈ​ល្ងង់ ខ្វះ​សិល្បៈ​ក្នុង​ការ​រស់​នៅ ឬ​ខ្វះ​ពិសោធន៍​ក្នុង​ជីវិត​ជាក់​ស្ដែង។ ត្រូវ​លោក​អ្នក​រក​ស្នៀត​ទប់​ទល់​នឹង​ល្បិច​កិច្ចកល​ជា​យថាហេតុ។ ពេល​ខ្លះ​គេ​ចាំ​តែ​វាយប្រហារ​យើង បើ​យើង «បើក​ចំហ​ក្លៀក​» គេ​រឹត​តែ​វាយប្រហារ​បាន​ស្រួល។

៤- និយាយ​ខ្លី តែ​ខ្លឹម ៖ នៅ​ពេល​លោក​អ្នក​និយាយ​ច្រើន ទៅ​ជា​ឆាប់​សាប និង​មិន​សូវ​មាន​តម្លៃ​ទៅ​វិញ​ទេ។ ដូចនេះ និយាយ​តែ​ភាសា​មាន​ទម្ងន់ មាន​ខ្លឹមសារ ហើយ​និយាយ​តែ​សាច់ការ ប្រសើរ​ជាង​ព្រោកប្រាជ្ញ​បែកសាយាមោ ហើយ​ចាក​ប្រធាន។
៥- ព្យាយាម​កសាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បី​ល្បាញ និង​រក្សា​កេរ្តិ៍ឈ្មោះ​កុំ​ឲ្យ​ស្រអាប់

​៦- ព្យាយាម​រិះរក​វិធី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ដទៃ មិន​ថា​ដោយ​វិធី​ណា​ទេ

​៧- ប្រសប់​ប្រើ​មនុស្ស​ឲ្យ​ធ្វើ​កិច្ចការ​ឲ្យ​លោក​អ្នក ប៉ុន្តែ​អ្នក​ដែល​ទទួល​បាន​មុខ​មាត់​គឺ​ជា​រូប​អ្នក (កុំ​ធ្វើ​អ្វី​ដែល​អ្នក​ដទៃ​អាច​ធ្វើ​ជំនួស​អ្នក​បាន​)

​៨- កុំ​ដើរ​ទៅ រក​សត្រូវ ឲ្យ​សត្រូវ​ដើរ​មក​រក​អ្នក។ ត្រូវ​រៀបចំ​អន្ទាក់ ឬ​នុយ​ដើម្បី​ឲ្យ​គូប្រជែង​ដើរ​ចូល​ស៊ង​ដោយ​ខ្លួន​ឯង។ បន្លាយ​ខ្សែ​ឲ្យ​វែង​ស្ទូច​យក​ត្រី​ធំ។

៩- ផ្ចាញ់​សត្រូវ​ឲ្យ​សុំ​ចុះ​ចាញ់​ដោយ​ពាក្យសម្ដី​សម​ហេតុផល ជាជាង​ដោយ​ហិង្សា

​១០- ព្យាយាម​គេច​ចេញ​ពី​ទិដ្ឋភាព​អពមង្គល និង​ភាព​សោកសៅ

១១- ព្យាយាម​ធ្វើ​ជា​មនុស្ស​ដែល​អ្នក​ដទៃ​ត្រូវ​ការ​អ្នក​ជា​និច្ច ខ្វះ​អ្នក​មិន​បាន

​១២- នៅ​ពេល​អ្នក​ផ្ដួល​គូ​ប្រជែង​បាន​ហើយ ចូរ​អ្នក​ព្យាយាម​ប្រើ​វិធី​ត្រជាក់​បង្ហាញ​មេត្តាធម៌ និង​សុចរិត​ភាព​

​១៣- ​ព្យាយាម​ជួយ​អ្នក​ដទៃ​ដោយ​បង្រៀន​គេ​ឲ្យ​ចេះ​ចាប់​ត្រី​និង​បង្ហាញ​បឹង​ទៅ​ គេ មិន​មែន​ឲ្យ​ត្រី​គេ​ទេ ព្រោះ​ជួយ​របៀប​នេះ​បាន​តែ​មួយ​គ្រាៗ​ប៉ុណ្ណោះ

១៤- ​ដើរ​តួ​សម្បក​ក្រៅ​ជា​មិត្ត ប៉ុន្តែ​ធាតុ​ពិត​ជា​អ្នក​យក​ការណ៍

១៥- ​បើ​ផ្ចាញ់​សត្រូវ ត្រូវ​ផ្ចាញ់​កុំ​ឲ្យ​គេ​ងើប​មុខ​រួច​ កុំ​ឲ្យ​គេ​តដៃ​បាន

១៦- ព្យាយាម​ធ្វើ​ជា​មនុស្ស​អាថ៌កំបាំង។ បង្ហាញ​វត្តមាន​តែ​ក្នុង​កាលៈទេសៈ​ចាំបាច់ និង​មាន​របៀបវារៈ​ច្បាស់លាស់ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​តម្លៃ ព្រោះ​បញ្ចេញ​មុខ​ច្រើន​ពេក​ឆាប់​សាប។ ធ្វើ​បែប​នេះ គេ​គោរព និង​យក​ចិត្ត​ទុក​ដាក់។

១៧- រិះ​រក​វិធី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​អ្នក​ដទៃ​ដឹង​អំពី​កម្លាំង​ពិត​របស់​អ្នក

១៨- ​ត្រូវ​រក​វិធី​ការពារ​ខ្លួន សម្រាប់​ទប់ទល់​នឹង​ស្ថានភាព​អាក្រក់ ប៉ុន្តែ​កុំ​ប្រយ័ត្ន​ជ្រុល​រហូត​ដល់​កាត់ផ្ដាច់​ខ្លួន​ឯង​ពី​ពិភព​ខាងក្រៅ។

១៩- ត្រូវ​បែងចែក​ឲ្យ​ច្បាស់​រវាង​មិត្ត​និង​សត្រូវ។ ពេលខ្លះ​សត្រូវ​បន្លំ​ខ្លួន​ជា​មិត្ត តាម​ពាក្យ​សំនួន​មួយ​ឃ្លា «តួអង្គ​ចចក​ពាក់​ស្បែក​ចៀម»។
៣៤- ប្រើ​យុទ្ធសាស្ត្រ «កញ្ជ្រោក​ទឹក​ដើម្បី​ចាប់​ត្រី – Stir up waters to catch fish» ៖ ពេល​ខ្លះ ដំបៅ​មិន​ឈឺ យើង​យក​ឈើ​ទៅ​ចាក់​ឲ្យ​ទាល់​តែ​ឈឺ។​ បង្កើត​បរិយាកាស​ឲ្យ​គេ​ឈ្លោះ​គ្នា ដើម្បី​លោក​អ្នក​ចាំ​ត្រង​យក​ផល​ប្រយោជន៍។

៣៥- ​មិន​ជំពាក់​គុណ​គេ តែ​ឲ្យ​គេ​ជំពាក់​គុណ​យើង​វិញ ៖ ពាក្យ​ទំនឹមទំនៀម​មួយ​ឃ្លា​ពោល​ថា «ហុច​អំបោះ​ស្រណោះ​ដៃ ឬ​ឲ្យ​របស់​ស្រណោះ​ដៃ» ដែល​មាន​ន័យ​ថា​ក្នុង​លោក​នេះ គ្មាន​អ្នក​ណា​នៅ​សុខៗ​ឲ្យ​កាដូ​ទៅ​អ្នក​ ដោយ​មិន​សម្លឹង​ឃើញ​អ្វី​មួយ​ទេ។ ប្រសិនបើ​អ្នក​ជំពាក់​គុណ​គេ អ្នក​នឹង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គេ។ ដូចនេះ អ្នក​ត្រូវ​ប្រើ​វិធី «ញុំា​នំ​ឲ្យ​លុយ» ។ ប៉ុន្តែ​អ្នក​អាច​រក​វិធី​ឲ្យ​គេ​ជំពាក់​គុណ​អ្នក​វិញ ព្រោះ​អ្នក​អាច​មាន​ទឹក​មាត់​ប្រៃ ឬ​មាន​ឥទ្ធិពល​ចំពោះ​អ្នក​ជំពាក់គុណ។

៣៦- ​ព្យាយាម​សម្រេច​ឲ្យ​បាន​សមិទ្ធផល​កាន់តែ​គាប់​ប្រសើរ ៖ បើ​អ្នក​ជំនាន់​មុន​បាន​សម្រេច​សមិទ្ធផល​កម្រិត​ណា លោក​អ្នក​ត្រូវ​តាំង​ចិត្ត​ថា​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​នោះ​ទៅ​ទៀត។

៣៧- ប្រសិនបើ​ចង់​លុប​បំបាត់​បញ្ហា​អ្វី​មួយ ត្រូវ​សិក្សា​ឲ្យ​ដល់​ឫសគល់ ហើយ​កាត់​ផ្ដាច់​វា​ចោល។ បើ​មិន​កាត់​ឫស​ធំ​ទេ បញ្ហា​កើត​ឡើង​មិន​ចេះ​ចប់ កាត់​ដុះ​ឡើង​វិញៗ។

៣៨- ​ប្រើ​យុទ្ធសាស្ត្រ «ទឹក​ត្រជាក់ ត្រី​កុំ» ៖ មនុស្ស​យើង​មិន​មែន​ចូល​ចិត្ត​ស៊ី​ខ្សែ​ក្ដៅ​ទេ។ ប្រសិនបើ​បើ​ប្រើ​ធម៌​ត្រជាក់ អ្នក​ដទៃ​អាច​ក្លាយ​ជា​មនុស្ស​ស្មោះ​ត្រង់ និង​នាំ​ផល​ប្រយោជន៍​ដល់​លោក​អ្នក។

៣៩- ប្រើ​យុទ្ធសាស្ត្រ​បញ្ឆោត ឲ្យ​សត្រូវ​មើល​ឃើញ​ការពិត​ទៅ​ជា​មិន​ពិត ការ​មិន​ពិត​ទៅ​ជា​ពិត។ លោក​អ្នក​សាក​ប្រើ​យុទ្ធសាស្ត្រ​បញ្ឆោត​សត្រូវ​ឲ្យ​ស៊ើប​យក​តែ​ព័ត៌មាន​ ក្លែងក្លាយ​ពី​លោក​អ្នក ហើយ​ស្មាន​ថា​ជា​ការ​ពិត។

៤០- ​ផ្លាស់ប្ដូរ​ដោយ​សន្សឹមៗ កុំ​បំបោល ៖ ភាសា​សាមញ្ញ​មួយ​ឃ្លា​ពោល​ថា «និយាយ​ស្រួល​ជាង​ធ្វើ» មាន​ន័យ​ថា​ការ​អនុវត្ត​ក្នុង​ជីវិត​ជាក់​ស្ដែង​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​ សន្សឹមៗ។​

៤១- ​នៅ​ក្នុង​លោក​នេះ គ្មាន​អ្វី​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ៖ សូម​កុំ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ ចំណុច​ណា​មាន​ការ​ខ្វះ​ខាត លោក​អ្នក​ត្រូវ​ទទួល​ស្គាល់​ការ​ពិត។

៤២- ធ្វើ​អ្វី​កុំ​ឲ្យ​ហួស​ព្រំដែន ៖ នៅ​ពេល​អ្នក​វាយ​លុក​លើ​គេ​ហើយ ពេល​ខ្លះ​ក៏​ជម្រុល​ទៅ​មុខ​ថែមទៀត។ សូម​កុំ​មាន​ទំនុក​ចិត្ត​ជ្រុល​ពេក និង​កុំ​សប្បាយ​នឹង​ជ័យ​ជម្នះ​ខ្លាំង​ពេក ព្រោះ​ប្រសិនបើ​បាន​ដើរ​ដល់​គោលដៅ​ហើយ​ដើរ​ហួស​គោលដៅ​ទៅ​ទៀត​នោះ​នឹង​ប្រឈម​ នឹង​គ្រោះថ្នាក់។​

៤៣- ​ក្នុង​ពេល​ប្រកួតប្រជែង​ជាមួយ​សត្រូវ សូម​កុំ​ឈរ​នៅ​ទី​ភ្លឺ​ខ្លាំង​ពេក ព្រោះ​គេ​នៅ​ទី​ងងឹត បើ​យើង​នៅ​ទី​ភ្លឺ​ប្រាកដ​ជា​ត្រូវ​គេ​វាយ​ងាប់៕
​ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ Business Insider

Comments