ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅ ឆ្នាំ២០១៥ នេះ នឹងបន្តអនុវត្តទៅតាមគោលការណ៍កំណែទម្រង់ដដែល ប៉ុន្តែមិនមានការប្រឡងជាលើក ទី២ ដូចឆ្នាំមុនទៀតទេ លើកលែងតែមានករណីប្រធានស័ក្តិប៉ុណ្ណោះ។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងអប់រំ ចុះ ថ្ងៃទី៩ មីនា ស្តីពីគោលការណ៍នៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៤-២០១៥ បានលើកឡើងថា ការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងធ្វើ ឡើងនៅ ថ្ងៃទី២៤ ខែសីហា ដោយបន្តអនុវត្តតាមគោលការណ៍នៃកំណែទម្រង់ដូចឆ្នាំចាស់ ក្នុងនោះ បន្តការរៀបចំប្រធានបទវិញ្ញាសា ៧ មុខវិជ្ជា និងមានទម្រង់ចែកជូនបេក្ខជន និងទម្រង់កត់លើក្តារខៀន ហើយបេក្ខជនម្នាក់ៗត្រូវបានចែកក្រដាសប្រឡងឲ្យដើម្បីសរសេរចម្លើយ។ បន្តប្រគល់សិទ្ធិអំណាច ការទទួលខុសត្រូវជូនគ្រូបង្រៀនដឹកនាំការប្រឡងឆមាសតាមថ្នាក់ តាមមុខវិជ្ជា និងមិនយកពិន្ទុប្រឡងឆមាស ទៅបូកជាមួយពិន្ទុប្រឡងថ្នាក់ជាតិទេ ប៉ុន្តែយកជាបេក្ខភាពប្រឡង ហើយមិនចាំបាច់មានការប្រឡងឡើងវិញ ចំពោះបេក្ខជនណាដែលមានពិន្ទុប្រចាំឆ្នាំធ្លាក់មធ្យមភាគជាដើម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានបញ្ជាក់ទៀតថា៖ «បន្តស្នើសុំកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយក្នុងការ ចូលរួមសង្កេតការណ៍ពីដំណើរការប្រឡង និងមិនចាំបាច់រៀបចំឲ្យមានការប្រឡងលើក ទី២ ទៀតឡើយ លើកលែងតែមានករណីប្រធានស័ក្តិ»។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ការកំណត់ពុំឲ្យមានការប្រឡងជាលើក ទី២ ដូចឆ្នាំមុនគឺដោយសារតែក្រសួងពុំមានថវិកាសម្រាប់រៀបចំនិង តម្រូវឲ្យសិស្សានុសិស្សត្រូវខំប្រឹងរៀនសូត្រ និងជឿជាក់លើសមត្ថភាពខ្លួនឯងផ្ទាល់។
លោកបានបញ្ជាក់ថា៖ «យើងជម្រាបបេក្ខជនឲ្យហើយ ត្រូវខំប្រឹងរៀន ឆ្នាំនេះអត់មានប្រឡងលើក ទី២ ទៀតទេ លើកលែងតែមានរឿងអីមួយដែលមិនអាចគិតទុកមុនបាន [ប្រធានសក្តិ]»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានគាំទ្រចំពោះការរៀបចំឲ្យមានការប្រឡងតែមួយលើក និងការពង្រឹងគុណភាពអប់រំតាមរយៈការកែលម្អចំណុចខ្វះខាត ដែលកើតមាននៅ ឆ្នាំ២០១៤។ ទោះជាយ៉ាងណា លោកជំរុញឲ្យក្រសួងចាប់ផ្តើមធ្វើកំណែទម្រង់ការសិក្សាតាំងពីកម្រិត បឋមឡើងទៅនិងត្រូវពិនិត្យទៅលើកង្វះខាតសៀវភៅសិក្សា និងសម្ភារសិក្សា។
លោកបញ្ជាក់ថា៖ «បើសិនជាយើងគ្រាន់តែធ្វើការរឹតបន្តឹងនៅពេលប្រឡងបាក់ឌុប វាមិនអាចទៅរួចទេ ពីព្រោះយើងមិនអាចទទួលបានការអប់រំប្រកបដោយគុណភាពនោះទេ»។
គួរបញ្ជាក់ដែរថា កាលពី ឆ្នាំ២០១៤ ក្រសួងអប់រំ បានស្នើសុំថវិកាពីរាជរដ្ឋាភិបាលបន្ថែមចំនួន ២,៥ លានដុល្លារអាមេរិកសម្រាប់រៀបចំការប្រឡងបាក់ឌុបលើក ទី២ ខណៈដែលមានសិស្សប្រឡងធ្លាក់ច្រើន បន្ទាប់ពីធ្វើកំណែទម្រង់គុណភាពអប់រំ។
ការប្រឡងបាក់ឌុបលើក ទី១ នៅ ឆ្នាំ២០១៤ មានបេក្ខជនប្រឡងជាប់តែចំនួន ២៣១២៦ នាក់ប៉ុណ្ណោះ ដែលស្មើនឹង ២៥,៧២ ភាគរយនៃចំនួនបេក្ខជនចូលរួមប្រឡង សរុបចំនួន ៨៩៩៣៧ នាក់ហើយការប្រឡងនេះទៀតសោតមានសិស្សជាប់និទ្ទេស «A» ត្រឹមតែ ១១ នាក់ប៉ុណ្ណោះ។ ចំណែកឯការប្រឡងលើក ទី២ មានសិស្សប្រឡងជាប់ចំនួន ១៧,៩៤ ភាគរយ ក្នុងចំណោមបេក្ខជនដែលប្រឡងសរុបជាង ៦៨ ០០០ នាក់៕
SOURCE: POSTKHMER
Posted by: SOEMKOSAL
Comments