បុណ្យទន្លេលើកដំបូង ដែលគ្រោងរៀបចំនៅខេត្តក្រចេះនៅពាក់កណ្តាលសបា្តហ៍នេះ រំពឹងថានឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តច្រើនជាងបុណ្យសមុទ្រ ដែលទើបបញ្ចប់នៅខេត្តកោះកុង។
លោក រុន ធារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបានប្រាប់ Sabay ថា លោកមិនអាចប៉ាន់ស្មានចំនួនអ្នកទេសចរមានប៉ុន្មាននោះទេ ព្រោះនេះគឺជាការរៀបចំលើកដំបូង។ ប៉ុន្តែមានការព្យាករណ៍ថា បុណ្យទន្លេលើកដំបូងនឹងមានអ្នកទេសចរមកកម្សាន្ត មិនចាញ់បុណ្យសមុទ្រនោះទេ។ បុណ្យសមុទ្រនៅខេត្តកោះកុង កាលពីចុងឆ្នាំ២០១៤ មានអ្នកចូលរួមប្រមាណ ១៥ម៉ឺននាក់។
លោក រុន ធារ៉ា បានបន្ថែមថា គណៈកម្មាធិការថ្នាក់ជាតិ និងថ្នាក់ខេត្ត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចរ ក្នុងនោះមានការរៀបចំ ហេដ្ឋារចនាសម្ពន្ធ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ ការសម្ដែងសិល្បៈ ការប្រណាំងទូក និងប្រណាំងកង់ជាដើម។ “មន្ទីរទេសចរណ៍បានធ្វើសេចក្តីជូនដំណឹងរួចហើយទៅម្ចាស់ផ្ទះ សំណាក់ និងសណ្ឋាគារមិនឲ្យឡើងថ្លៃបន្ទប់និងថ្លៃម្ហូបអាហារ។ មិនត្រឹមប៉ុណ្ណឹងមន្ទីរទេសចរណ៍ខេត្តក៏បានរៀបចំវគ្គ បដិសណ្ឋាកិច្ចនៅសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនផងដែរ”។
នៅខេត្តក្រចេះ ទាំងមូលមានបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារប្រមាណ ១០២៧ បន្ទប់។ នេះបើតាមលោក រុន ធារ៉ា។ ចំនួននេះអាចមិនគ្រប់ ដូច្នេះមន្ទីរទេសចរណ៍ខេត្តបានរៀបចំផ្ទះសហគមន៍ដើម្បីឲ្យអ្នក ទេសចរបានស្នាក់នៅ។ បុណ្យទន្លេនឹងចាប់ផ្តើមនៅថ្ងៃទី១៣ ដល់ ១៥ ខែមីនា ឆ្នាំ២០១៥៕
Source: SABAY
Posted by: SOEMKOSAL

Comments