ជាពពួកត្រីជិតផុតពូជទៅហើយ ត្រីរាជ និងត្រីគល់រាំងត្រូវបានចាត់បញ្ចូល ក្នុងបញ្ជីអភិរក្ស និង ហាមឃាត់ការនេសាទ ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ប៉ុន្តែកាលពីម្សិលមិញនេះត្រីរាជ ដ៏កម្រមួយក្បាលធំ មានទម្ងន់ជាង ១០០ គីឡូក្រាម ត្រូវបានអ្នកភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ចាប់បាន និងកាប់ជាកង់ៗ ដើម្បីយកទៅលក់។
លោក សារិទ្ធ អ្នកឃើញហេតុការណ៍មួយរូបបានប្រាប់ Sabay ថា ត្រីរាជដ៏ធំនេះ ត្រូវបានអ្នកភូមិចាប់បានពេលបូមទឹកចាប់ត្រី ក្នុងស្រះមួយកន្លែង កាលពីវេលាម៉ោង៩ព្រឹកម្សិលមិញ។ លោកថា អ្នកភូមិប្រើឧបករណ៍ឆក់អស់ថាមពលអាគុយមួយ និងបន្ថែមចំនួន១៥ពូថៅ ទើបអាចចាប់ត្រីនេះបាន។ “ខ្ញុំ និងអ្នកផ្សេងទៀតបានត្រឹមសោកស្តាយ ដោយសារមិនអាចជួយសង្គ្រោះត្រីដ៏កម្រនេះបាន ព្រោះពេលទៅដល់ឃើញគេកាប់ជាកង់រួចទៅហើយ”។ លោក សារិទ្ធ បន្ថែម។
លោក សារិទ្ធ ឲ្យដឹងទៀតថា ត្រីរាជនេះទំនងជាចូលក្នុងស្រះទឹកនៅរដូវទឹកឡើង ហើយពេលទឹកស្រកទៅវិញចេញមិនរួច ទើបត្រូវអ្នកភូមិចាប់បានយ៉ាងដូច្នេះ៕
ប្រភព SABAY

Comments