បរាជ័យទៅCosta Rica ទីបំផុតយុវជនខ្មែរម្នាក់សម្រេចរៀននៅប្រទេសកូននាគក្នុងអាស៊ី
បើគេមិនបដិសេធវីសាទេ ម្ល៉េះពេលនេះ យុវជនខ្មែរ ឈ្មោះ ជឹម ដាវីត ត្រូវទៅរៀននៅប្រទេសក្នុងទ្វីបអាមេរិចខាងត្បូងបាត់ទៅហើយ។ តែដោយសមត្ថភាពខ្លាំងពូកែរបស់ដាវីត គេមិនបានបោះបង់សិស្សជាប់អាហារូបករណ៍ UWC Scholarship រូបនេះចោលឡើយ ខាងសាលាបានប្ដូរឲ្យទៅរៀននៅប្រទេសផ្សេង ដែលជាប្រទេសខ្លាំងខាងសេដ្ឋកិច្ច ជាកូននាគក្នុងអាស៊ីវិញ។
យុវជនអាយុ ២០ ឆ្នាំមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ បានទៅសិក្សាប្រទេសសឹង្ហបុរីតាំងពីខែ មករា ឆ្នាំ ២០១៣ ខណៈដាវីតនៅជាសិស្សវិទ្យាល័យរៀនថ្នាក់ទី ១២ ម្ល៉េះ។ ដាវីត ដឹងដំណឹងនេះ តាមរយៈលោកនាយកសាលាបានប្រកាសនៅពេលគោរពទង់ជាតិដោយសារមាន អង្គការមួយឈ្មោះ Suitabale to Sustainable មកផ្ដល់ដំណឹងអំពីអាហារូបករណ៍នេះ ដូច្នេះទើបលោកនាយកសាលាបានប្រកាសថា សិស្សានុសិស្សណាដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យប្រលងតាម កម្មវិធីនេះបានដោយប្រលងលើវិញ្ញាសា គណិត ខ្មែរ វប្បធម៌ ទូទៅ និង ភាសាអង់គ្លេស ។
ចំពោះគណិត ខ្មែរ វប្បធម៌ទូទៅ គ្មានបញ្ហាសម្រាប់ដាវីតទេ តែភាសាអង់គ្លេសហាក់មានកម្រិត។ ដាវីតលើកទឹកចិត្តខ្លួនឯងថា ធម្មតាការប្រលងយកអាហារូបករណ៍ទៅសិក្សាក្រៅប្រទេសតែងមានការលំបាក ប៉ុន្តែបើចេះត្រៀមខ្លួន និង ហ៊ានប្រឈមមុខចំពោះវា ហើយមានការជឿជាក់លើខ្លួនឯងនោះ ភាពជោគជ័យនឹងទទួលបានជាក់ជាមិនខាន។ ក្រោយប្រឹងប្រែងសិក្សាទាំងការអាន និយាយ ស្ដាប់ និង សរសេរដោយខ្លួនឯងបន្ថែម ទីបំផុតដាវីតក៏ប្រលងជាប់។ តែអកុសលបែរជាត្រូវគេបដិសេធព្រោះវីសាទៅវិញ។
ដាវីត បញ្ជាក់៖ “ដំបូងប្រទេសដែលខ្ញុំត្រូវទៅគឺ Costa Rica។ នៅកម្ពុជាគ្មានស្ថានទូត Costa Rica ទេ ជាហេតុធ្វើឲ្យខ្ញុំពិបាកយ៉ាងខ្លាំងលើរត់ការធ្វើសំណុំឯកសារ។ ប្រទេសកម្ពុជាយើងមិនដែលមានទំនាក់ទំនងជាមួយប្រទេសនោះទេ ដូចនេះខ្ញុំត្រូវបានបដិសេធវីសាទៅប្រទេសនោះ។ តែក្រោយមក គេបានបង្វែរខ្ញុំឲ្យទៅរៀននៅសឹង្ហបុរីវិញ”។
ដាវីតត្រូវរៀនថ្នាក់ទី ១២ ម្ដងទៀតនៅទីនោះ។ តែដាវិតយល់ថា នេះមិនមែនជាការរៀនឡើងវិញឡើយ ព្រោះអ្វីដែលយុវជនរូបនេះទទួលបាន គឺសុទ្ធតែថ្មីៗ ល្អ និង ប្លែកសម្រាប់ខ្លួនព្រោះការសិក្សាពិតជាមានលក្ខណៈខុសពីនៅខ្មែរ គឺសិក្សាតាមកម្រិតស្តង់ដាអន្តរជាតិ ដែលត្រូវបានគេហៅថា បាក់ឌុបអន្តរជាតិ ( IB = International Baccalaureate )។ គ្រប់មុខវិជ្ជាទាំងអស់ត្រូវបង្រៀនជាភាសាអង់គ្លេស។ សិស្សមិនត្រឹមតែរៀនតាមសៀវភៅប៉ុណ្ណោះទេ តែតម្រូវឲ្យធ្វើពិសោធន៍ផ្ទាល់ៗបន្ទាប់ពីរៀនទ្រឹស្ដីរួចរាល់ និងបង្កើតពីរបៀបពិសោធន៍ផងដែរ។ ក្រៅពីនេះសិស្សត្រូវធ្វើការងារសង្គម ដើម្បីជាទុនអភិវឌ្ឍន៍បំណិនជីវិតក្រៅពីការសិក្សានៅក្នុងសាលា។
![]() |
| ដាវីត(រូបពាក់វ៉ែនតា) សំដែងរបាំគោះត្រលោកនៅប្រទេសសឹង្ហបុរី |
ដាវីតអះអាងទាំងជឿជាក់ថា៖ “មូលហេតុដែលខ្ញុំជ្រើសយកជំនាញនោះ គឺខ្ញុំសម្រេចចិត្តតាមអ្វីដែលខ្ញុំស្រលាញ់ចូលចិត្តនិងមហិច្ឆតា របស់ខ្ញុំ។ តាំងពីរៀននៅខ្មែររហូតដល់សឹង្ហបុរី មុខវិជ្ជាដែលខ្ញុំស្រលាញ់ និង ចូលចិត្តបំផុត គឺគីមី និង គណិតវិទ្យា។ គណិតវិទ្យា ជាមុខវិជ្ជាដែលខ្ញុំពូកែ និង ចូលចិត្តផ្នែកនេះ។ ដូច្នេះខ្ញុំជឿថាមុខជំនាញដែលខ្ញុំបានជ្រើសរើសសម្រាប់រៀននៅ សាកលវិទ្យាល័យគឺត្រឹមត្រូវទៅនឹងអ្វីដែលខ្ញុំចូលចិត្តនិងចង់រៀន ស្របទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនខ្ញុំផ្ទាល់”៕
Source : SABAY




Comments