សិស្ស​កម្ពុជា ​​១០០ នាក់​ ​បាន​អាហារូបករណ៍​​​ ២ ម៉ឺន​ដុល្លារ​ កាល​ពី​ម្សិល​មិញ​


      កាល​ពី​ម្សិល​មិញ​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ កម្ពុជា-កូរ៉េ ​មាន​ការ​ប្រគល់​រង្វាន់​អាហារូបករណ៍​ ​​ជា​ទឹក​ប្រាក់​ចំនួន​២ម៉ឺន​ដុល្លារ​ ដល់​សិស្ស​វិទ្យាល័យ​ពូកែ​ ​​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ ១០០ នាក់​ ដែល​មាន​ជីវភាព​ខ្វះខាត​ តែ​មាន​បំណង​បន្ត​ការ​សិក្សា។

​ទឹក​ប្រាក់​​សរុប​ប្រមាណ​ជាង​ ២ម៉ឺន​ដុល្លារ​ និង​ សម្ភារៈ​សិក្សា​ផ្សេងៗ​ជា​ច្រើន​ទៀត​ ត្រូវ​បាន​​ក្រុមហ៊ុន SCG ​​ប្រគល់​ជូន​​ដោយ​ផ្ទាល់​ដល់​​សិស្ស ​នៃ​វិទ្យាល័យ​កម្ពុជា​ចំនួន​ ១០០ នាក់ ដោយ​សិស្ស​ម្នាក់​ទទួល​បាន​ រង្វាន់​អាហារូបករណ៍​ជា​ទឹក​ប្រាក់​ចំនួន ២០០ ​ដុល្លារ ក្រោមអធិបតីភាព​​របស់​ ឯកឧត្ដម​​ ពិត​ ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​ និង​កីឡា។
 


លោក អារី ចាវ៉ាលីតជីវង្គល ​អគ្គនាយករង​​នៃ​ក្រុម​ហ៊ុន SCG មាន​ប្រសាសន៍​ថា៖ ដើម្បី​ទទួល​បាន​អាហារូបករណ៍​ សិស្ស​ត្រូវ​ឆ្លុះ​បញ្ចាំង​ទឹក​ចិត្ត​ស្រលាញ់​​បន្ត​ការ​សិក្សា​ អប់រំ មាន​ការ​ដឹង​គុណ​ដល់​ឪពុក​ម្ដាយ ​និង​មាន​ការ​ចូល​រួម​សកម្មភាព​ក្នុង​សហគមន៍​របស់​ពួក​គេ។ បន្ថែម​ពី​នេះ​ សិស្ស​ត្រុវ​សរសេរ​តែង​សេចក្ដី​ អំពី​ប្រធាន​បទ “ខ្ញុំ​ជា​មនុស្ស​ល្អ​ ហើយ​ខ្ញុំ​ជួយ​ដល់​អ្នក​ដទៃ”។

លោក​បន្ថែម​ទៀត​ថា៖ ​ក្រុម​ហ៊ុន​របស់​លោក​ បាន​ពិនិត្យ​មើល​ការ​ដាក់​ពាក្យ​របស់​សិស្ស​ចំនួន​ ៣០០នាក់​ មក​ពី​សាលា​ចំនួន ២៦ ហើយ​បាន​សម្រិត​សម្រាំង​ជ្រើស​រើស​សិស្ស​ ១០០នាក់​ ដើម្បី​ទទួល​បាន​អាហារូបករណ៍​ពី​កម្មវិធី​នេះ។

ឡើង​​ថ្លែង​អំណរគុណ​ទាំង​ទឹក​មុខ​សប្បាយ​រីករាយ​ យុវតី​ ហឿន គន្ធា មក​ពី​វិទ្យាល័យ​សាមគ្គី ​និយាយ​ថា៖ “​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សំណាង​ខ្លាំង​ណាស់​ ដែល​បាន​ទទួល​អាហារូបករណ៍​នេះ ហើយ​ខ្ញុំ​នឹង​បន្ត​ក្ដី​សុបិន​របស់​ខ្ញុំ​ដែល​ចង់​ក្លាយ​ជា​វិស្វករ​ឲ្យ​ បាន”។

កន្លង​មក​កម្មវិធី​​ធ្លាប់​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​ ៥០០០ នាក់​ ​នៅ​តាម​បណ្ដា​ប្រទេស​អាស៊ាន​មួយ​ចំនួន​រួច​មក​ហើយ តែ​សម្រាប់​ប្រទេស​កម្ពុជា​ នេះ​ជា​លើក​ទី១​ ​ដែល​ក្រុម​ហ៊ុន​​សាជីវកម្ម​​ប្រចាំ​តំបន់​ផ្នែក​ស៊ីម៉ង់ត៍-​សម្ភារៈ​សាង​ សង់​មួយ​នេះ​ ផ្ដល់​ដល់​សិស្ស​វិទ្យាល័យ​ចំនួន ​១០០ នាក់​ ដែល​ជាប់​ជយលាភី៕
 
Source: SABAY



Comments