សិស្ស និស្សិតជាច្រើនតែងតែចង់បានអាហារូបករណ៍ក្នុងការសិក្សា ឬការសិក្សាដោយឥតបង់ថ្លៃនៅគ្រឹះស្ថានឧត្តមសិក្សា។ ចំពោះអ្នកដែលគ្មានលទ្ធភាពបង់ថ្លៃសិក្សានៅមហាវិទ្យាល័យ មិនត្រូវបាក់ទឹកចិត្ត ឬបោះបង់ការសិក្សាចោលឡើយ ផ្ទុយទៅវិញអ្នកគួរតែរិះរកមធ្យោបាយល្អណាមួយដើម្បី ទទួលយកការសិក្សាកម្រិតជំនាញវិជ្ជាជីវៈឲ្យខាងតែបាន។ ក្នុងន័យនេះ គឺលោកអ្នកគួរតែរៀបចំលក្ខណៈសម្បត្តិ និងស្វះស្វែងរកប្រភពអាហារូបករណ៍ដើម្បីបន្តការសិក្សាប្រកប ដោយការតាំងចិត្ត និងព្យាយាមម៉ឺងម៉ាត់ក្នុងការពុះពារដើរទៅមុខ និងមានភាពឆ្លាតវៃ។
លោក ម៉ាក កាន់ត្រូវិត (Mark Kantrowitz) ជាអ្នកនិពន្ធដ៏ល្បីល្បាញរបស់គេហទំព័រ Fastweb.com និងគេហទំព័រ FindAid.org បានផ្តល់នូវដំបូន្មានប្រកបដោយយុទ្ធសាស្ត្រជោគជ័យក្នុង ការទទួលបានអាហារូបករណ៍សិក្សា ជាពិសេសគឺអ្នកដែលគ្មានលទ្ធភាពបង់ថ្លៃសិក្សានៅ មហាវិទ្យាល័យ ឬចង់បានអាហារូបករណ៍ទៅសិក្សានៅបរទេស គួរតែត្រៀមលក្ខណៈសម្បត្តិដូចខាងក្រោម៖
១. ត្រៀមលក្ខណៈប្រកួតប្រជែងក្នុងចំណោមបេក្ខជន៖ មិនថាអ្នកជាសិស្ស និស្សិតខ្លាំងពូកែជាងគេក្នុងចំណោមបេក្ខជននោះទេ ប៉ុន្តែអ្នកត្រូវដឹងថាពេលខ្លះជោគជ័យគឺជាសំណាងរបស់ មនុស្ស។ ដូច្នេះដើម្បីមានលទ្ធភាពច្រើនក្នុងការទទួលបានជោគជ័យ អ្នកក៏គួរតែស្វែងរកប្រភពអាហារូបករណ៍ដែលស័ក្តិសមនឹងគុណ សម្បត្តិរបស់អ្នកឲ្យបានច្រើន ហើយព្យាយាមដាក់ស្នើសុំអាហារូបករណ៍ទាំងនោះ។ អ្នកមិនត្រូវដាក់បំពង់រង់ចាំទឹកភ្លៀងតែម្យ៉ាងនោះទេ ពោលគឺត្រូវបង្កើតឱកាស និងចាប់យកឱកាសឲ្យបាន។
២. បើចង់បានជោគជ័យ សូមកុំរង់ចាំដោយមិនធ្វើ៖ គ្មានសំណាងណារត់មករកមនុស្សដោយគ្មានការខិតខំធ្វើ ឬបង្កើតវានោះទេ ព្រោះសំណាងកើតមកពីការសាង។ រាជសីហ៍ មានកម្លាំងខ្លាំងមានអំណាចសម្លាប់ស៊ីសាច់សត្វដទៃបាន លុះត្រាតែប្រើកម្លាំងកាយដេញចាប់ចំណី ព្រោះគ្មានប្រឹគណាស្ម័គ្រចិត្តបោលសម្រុកចូលមាត់ឲ្យឆី ឡើយ។ យ៉ាងណាម៉ិញ បើលោកអ្នកចង់បានអាហារូបរណ៍សិក្សា អ្នកត្រូវតែខិតខំកសាងសមត្ថភាពរបស់ខ្លួនឲ្យបានគ្រប់ គ្រាន់ ជាពិសេសបើអ្នកចង់បានប្រភេទអាហារូបរណ៍ណា អ្នកត្រូវតែពូកែពីជំនាញដែលត្រូវស្នើសុំនោះ។ លើសពីនេះទៅទៀត នៅពេលណាដែលអ្នកឃើញឱកាសស្តីពីអាហារូបករណ៍ដែលអ្នកចង់ បានហើយ អ្នកមិនត្រូវយឺតយ៉ាវក្នុងការបំពេញបែបបទស្នើសុំឲ្យ បានត្រឹមត្រូវ ហើយបញ្ជូនទៅស្ថាប័នដែលផ្តល់ឲ្យនោះឡើយ។
៣. មិនត្រូវជិនណាយព្រោះតែបរាជ័យ៖ បរាជ័យគ្មានអ្វីគួរឲ្យខ្លាចសោះ ប៉ុន្តែសូមកុំឲ្យបរាជ័យកើតមានដដែលៗ ព្រោះតែការមិនកែប្រែចំណុចខ្វះខាត។ មានមនុស្សជាច្រើនបានបាក់ទឹកចិត្ត ហើយបោះបង់ចោលគោលបំណងដោយសារតែភាពបរាជ័យ។ អ្នកត្រូវចាំថា គ្មាននរណាម្នាក់ក្នុងលោកនេះកើតមកហើយមិនធ្លាប់បរាជ័យ នោះទេ។ ប្រសិនបើពាក្យស្នើសុំអាហារូបករណ៍របស់អ្នកត្រូវបានគេ មិនអើពើមួយលើកជាពីរលើក អ្នកគួរតែដឹងថាមកពីលោកអ្នកមិនទាន់រៀបចំវាបានល្អ ពោលគឺគ្មានគុណសម្បត្តិគ្រប់គ្រាន់ ឬសំណាងរបស់អ្នកមិនទាន់មកដល់។ ដូច្នេះ អ្នកគួរតែធ្វើវាបន្តទៀត ដោយយកចិត្តទុកដាក់កែលម្អឲ្យបានច្រើនជាអតិបរមា។ អ្នកនឹងទទួលបានជោគជ័យ ប្រសិនបើអ្នកជាមនុស្សចូលចិត្តការព្យាយាម ហើយទទួលយកការរិះគន់កែលម្អពីអ្នកដទៃ និងអភិវឌ្ឍខ្លួនឯង។ អ្នកគួរគិតថា ពាក្យស្នើសុំដែលលោកអ្នកធ្លាប់ធ្វើហើយ វានឹងមិនពិបាកច្រើនក្នុងការធ្វើឡើងវិញនោះទេ ប៉ុន្តែវាទាមទារឲ្យមានការរៀបចំកែលម្អអភិវឌ្ឍតិចតួច ប៉ុណ្ណោះដើម្បីដាក់ស្នើសារជាថ្មី។
៤. មិនត្រូវយឺតយ៉ាវក្នុងការបញ្ជូនបែបបទ៖ ក្នុងដំណាក់កាលចុងក្រោយនេះ គឺសំខាន់បំផុតក្នុងចំណុចទាំងបីខាងលើ។ បើទោះបីជាអ្នកពូកែរៀបចំសំណុំបែបបទនៃពាក្យស្នើសុំ អាហារូបករណ៍របស់អ្នកបានល្អឥតខ្ចោះយ៉ាងណាក៏ដោយ តែលោកអ្នកបែរជាបញ្ជូនវាទៅស្ថាប័នដែលអ្នកត្រូវផ្ញើ ទៅនោះយឺតយ៉ាវ ឬផុតកំណត់កាលបរិច្ឆេទនោះ គឺលោកអ្នកចៀសមិនផុតពីបរាជ័យឡើយ។ ពាក្យស្នើសុំអាហារូបករណ៍ដែលជោគជ័យច្រើនបំផុត គឺត្រូវបានបញ្ជូនទៅស្ថាប័នទទួលមុនគេ ព្រោះថាគណៈកម្មការទទួលវាយតម្លៃខាងផ្នែកនេះនឹងចាប់ អារម្មណ៍ខ្ពស់ជាងគេចំពោះអ្នកដែលបានផ្ញើពាក្យស្នើសុំ ទៅមុនគេ។ ត្រូវចាំថា លោកអ្នកគឺជាបេក្ខជនដែលត្រូវប្រកួតប្រជែងសមត្ថភាពជាមួយ បេក្ខជនដទៃទៀត ដូច្នេះអ្នកត្រូវតែធ្វើឲ្យមានការចាប់អារម្មណ៍ខ្ពស់ជាង គេ ទើបភាគរយនៃជ័យជម្នះត្រូវបានមកអ្នក៕
